ដោយ វុត្ថា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតស្តង់ដាអន្តរជាតិចំនួន៨ ដែលមានកំពស់ចាប់ពី២០០ម៉ែត្រឡើង បាននិងកំពុងត្រៀមផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ ខណៈអគារពាណិជ្ជកម្មទាំងនោះបាននិងកំពុងសាងសង់យ៉ាងសកម្ម។
១) អគារពាណិជ្ជកម្មចម្រុះ The Peak
-->

The Peak ជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣នៅតំបន់ដ៏ទាក់ទាញនៃក្រុងភ្នំពេញ ដែលមានកម្ពស់៥៥ជាន់ ស្មើនឹង២១៨ម៉ែត្រ ។ គំរោងនេះកំពុងសាងសង់់នៅក្បែរស្ពាននាគកោះពេជ្រ ជាមួយនឹងទុនវិនិយោគ៥៨០លានដុលា្លរ បានចាប់បុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ។
អគារកម្ពស់៥៥ជាន់ដ៏ប្រណីត និងសណ្ឋានគារ The Shangri-La Hotel ; ដែលប្រកបដោយកិត្យានុភាព ក្នុងពិភពលោកជាយូរណាស់មកហើយ ឥឡូវបានចាប់ផ្ដើមសាងសង់ក្នុងទឹកកម្ពុជា ដែលគម្រោងនេះ មានចំណុះសរុប ចំនួនប្រមាណ១០១៤ Unite។គំរោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន World Bridge Land Group និងក្រុមហ៊ុនOxley Holding ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។
២) អគារ Morgan Tower

អាគារ Morgan Tower បោះទុនវិនិយោគប្រមាណជា១៦០លានដុល្លារអាមេរិកក្នុងការសាងសង់អគារដែលមានឈ្មោះថា Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ២១០ ម៉ែត្រ ដែលស្មើទៅនឹង៤៦ជាន់។
អគារ Morgan Tower បាននឹងកំពុងសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចសន្សំសំចៃថាមពលអគ្គសនី ដែលស្ថិតនៅក្នុងទីក្រុងកោះពេជ្រ វិនិយោគដោយ ក្រុមហ៊ុន Morgan Group ។ គំរោងនេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
៣) គំរោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម CITY KEY

គំរោងនេះមានឈ្មោះ CITY KEY មានចំនួន៥២ជាន់ និងកំពស់២០៨ម៉ែត្រ ជាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលបាននិងកំពុងសាងសដងដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។
គំរោងដ៏ធំនេះ ស្ថិតនៅក្រោយអាគារ Bali Scenary និងអាគារ The Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
៤) អាគារមេនៃគំរោង Olympia

មជ្ឈមណ្ឌលពាណិជ្ជកម្ម Olympia Tower មានអាគារមេកំពស់២១៣ម៉ែត្រ និងមានកំពស់សរុប៥៣ជាន់ ដែលមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏ធំកណ្តាលក្រុងភ្នំពេញនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC ក្នុងទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក។
អាគារមេនៃគំរោងនេះបាន និងកំពុងសាងសង់ដល់ជាន់ទី៧ហើយ វានឹងត្រូវប្រើប្រាស់ជាសណ្ឋាគារកម្រិតផ្កាយ៥ និងការិយាល័យប្រណីត។
៥) អគារ R &F Glory

អាគារលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយទៀត គឺគម្រោងអគារ R&F Glory ជាគម្រោងដ៏ធំមួយនៅភ្នំពេញ និងជាការអភិវឌ្ឍរបស់ក្រុមហ៊ុនអ & អេហ្វ គ្រុបកាលពីនៅឆ្នាំ២០១៨។ គម្រោង អគារ R&F Glory សាងសង់លើផ្ទៃដីប្រហែល ១៥,០០០ ម៉ែត្រការ៉េ និងមានទំហំផ្ទៃក្រឡាសំណង់សរុប២១២,៩៨៧.១៥ ម៉ែត្រការ៉េ។
គម្រោងមានមានទីតាំងស្ថិតនៅប៉ែកខាងត្បូង នៃមហាវិថីព្រះមុន្នីវង្សជិតផ្លូវសម្តេច ហ៊ុន សែននិងផ្លូវ២១៧។ គម្រោង អគារ R&F Gloryក្លាយនឹងជាអគារលំនៅដ្ឋានខ្ពស់បំផុតមួយ ដំបូងគេនៅរាជធានីភ្នំពេញ ដែលមាន២០៧ម៉ែត្រ និង៥៨ជាន់។
៦) គំរោង Gold Tower 42

គំរោងនេះកំពុងសាងសង់ជិតបញ្ចប់ហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។ វាជាគម្រោងដែលវិនិយោគដោយក្រុមហ៊ុនYUNWOO Cambodia ដែលដំបូងឡើយមានកំពស់ត្រឹម ៤២ជាន់ ប៉ុន្តែក្រោយពេលសាងសង់ឡើងវិញ បន្ទាប់ពីផ្អាកការសាងសង់រយៈពេលជាង១០ឆ្នាំ គំរោងនេះត្រូវបានដដំឡើងដល់កំពស់៤៧ជាន់ ស្មើនឹងកំពស់សរុប២១១ម៉ែត្រ។
វាជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមានផ្សារទំនើប ខុនដូ ការិយាល័យ មន្ទីរពេទ្យជាដើម។
៧) អាគារ Prince Financial Tower

មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ កំពុងសាងសង់លើផ្លូវភ្លោះក្រមួន “ស” ដែលជាអាគារភ្លោះមានកំពស់៤៧ជាន់ ស្មើនឹងកំពស់២០៣ម៉ែត្រ។ គំរោងនេះកំពុងសាងសង់់ និងវិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group។
៨) មជ្ឈមណ្ឌលពាណិជ្ជកម្ម One Central Tower

វាជាគំរោងដែលខ្ពស់ជាងគេនៅក្បែរផ្លូវជាតិលេខ១ នាពេលបច្ចុប្បន្ននេះ គំរោងនេះនឹងប្រើប្រាស់ចម្រុះសំរាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីត។ គម្រោងនេះមានចំនួន៤អាគារ ស្មើនឹង៣៨ជាន់ និងមានកំពស់២០០ម៉ែត្រ។
គំរោងនេះបានចាប់ផ្តើមសាងសង់កាលពីពេលថ្មីៗនេះ ស្ថិតនៅក្បែរផ្សារសហគមន៍ The Park ស្ថិតនៅក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕