ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Marriott International, Inc. បាននាំយកសណ្ឋាគារប្រណីត ល្បីឈ្មោះជាអន្តរជាតិមួយទៀត មកកាន់រាជធានីភ្នំពេញ។
ម៉ាកសញ្ញាសណ្ឋាគារនេះមានឈ្មោះ The Ritz-Carlton មកបើកដំណើរការជាលើកដំបូងនៅកម្ពុជា នៅឆ្នាំ២០៣២ តាមរយៈគម្រោង The Ritz-Carlton Phnom Penh និងThe Ritz-Carlton Residences Phnom Penh ដែលនឹងក្លាយជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោថ្មីមួយនៅចំកណ្តាលរាជធានីភ្នំពេញ។
គម្រោងនេះរំពឹងថា នឹងមានសណ្ឋាគារ The Ritz-Carlton ថ្មីមួយដែលមានបន្ទប់សរុប ១៥២ បន្ទប់ ព្រមទាំងលំនៅឋានប្រណីតក្រោមម៉ាកយីហោ The Ritz-Carlton ចំនួន ១១៩ យូនីត។
គម្រោង The Ritz-Carlton Phnom Penh និង The Ritz-Carlton Residences Phnom Penh កំពុងត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Royal Group International ដែលជាសមាជិកនៃ ក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនវិនិយោគពោរពេញ យុទ្ធសាស្ត្រឈានមុខគេមួយរបស់កម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រត្តិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាកាលពីរសៀលថ្ងៃទី១៣ សីហាថា យើងមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន Marriott International ដើម្បីនាំយកម៉ាកសញ្ញា The Ritz-Carlton មកកាន់ប្រទេសកម្ពុជាជាលើកដំបូង”។
លោកបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាកំពុងបន្តផ្តល់អាទិភាពដល់ការផ្លាស់ប្តូរទីក្រុង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យលំដាប់ខ្ពស់ វិស័យបដិសណ្ឋារកិច្ច និងគម្រោងអភិវឌ្ឍន៍ចម្រុះ។ គម្រោងដ៏សំខាន់នេះ នឹងក្លាយជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ និងជានិមិត្តរូបមួយក្នុងចំណោមទីតាំងសំខាន់ៗ បំផុតលើផ្ទៃដីនៃរាជធានីភ្នំពេញ ព្រមទាំងជានិមិត្តរូបនៃភាពរីកចម្រើន និងវិបុលភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល។
អ្នកឧកញ៉ាបានបញ្ជាក់ថា គម្រោងសណ្ធាគារ The Ritz-Carlton Phnom Penh នឹងផ្តល់សេវាកម្ម និងបទពិសោធន៍ដ៏ប្រណីតសម្រាប់អ្នកដំណើរអភិជន ដែលចង់បានសេវាកម្មលំដាប់ខ្ពស់មកពីជុំវិញពិភពលោក ខណៈដែលគម្រោង The Ritz-Carlton Residences Phnom Penh នឹងតំណាងឱ្យការរស់នៅប្រកបដោយភាពប្រណីតបំផុត។ ខ្ញុំបាទទន្ទឹងរង់ចាំការបន្តសហការជាមួយក្រុមហ៊ុនMarriott ដើម្បីធ្វើឱ្យគម្រោងដ៏អស្ចារ្យនេះក្លាយជាការពិត”។
ចំណែកលោក Brad Edman អនុប្រធានប្រចាំទីផ្សារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ នៃ Marriott International បានមានប្រសាសន៍ថា “The Ritz-Carlton ជាម៉ាកសញ្ញាដែលតំណាងដល់គោលដៅ ដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងមានភាពទាក់ទាញយូរអង្វែង ហើយរាជធានីភ្នំពេញបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសក្តានុពល និងភាពរស់រវើក ដែលយើងស្វែងរកនៅក្នុងទីក្រុងដ៏អស្ចារ្យនានាក្នុងពិភពលោក”។
លោកបានបន្តថា តាមរយៈការរួមបញ្ចូលទីតាំងដ៏ល្អឥត ខ្ចោះនៅចំកណ្តាលទីក្រុង ជាមួយនឹងសេវាកម្មដ៏ល្បីល្បាញ ការរចនាប្រកបដោយភាពទំនើប ព្រមទាំងការប្រមូលផ្តុំនូវបន្ទប់ស្នាក់នៅរបស់សណ្ឋាគារ និងលំនៅឋានក្រោមម៉ាកយីហោដ៏លេចធ្លោមួយនោះគឺ The Ritz-Carlton Phnom Penh និងThe Ritz-Carlton Residences Phnom Penh ហើយបានរំពឹងថា នឹងកំណត់ស្តង់ដារថ្មីសម្រាប់ការរស់នៅ ប្រកបដោយភាពប្រណីត និងលើកតម្កើងវិស័យបដិសណ្ឋារកិច្ចនៅក្នុងរាជធានីភ្នំពេញ”។
ស្ថិតនៅទីតាំងដ៏មានសក្តានុពល លេចធ្លោតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាមហាវិថីសំខាន់មួយក្នុងខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ សណ្ឋាគារ The Ritz-Carlton Phnom Penh និង គម្រោង The Ritz-Carlton Residences Phnom Penh នឹងក្លាយជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ ដែលរួមបញ្ចូលទាំងអគារការិយាល័យលំដាប់Grade A ផងដែរ។
នៅពេលបើកដំណើរការ ភ្ញៀវក្នុងសណ្ឋាគារ និងអ្នករស់នៅ នឹងទទួលបានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់តំបន់ទាក់ទាញផ្នែកវប្បធម៌ និងពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី ដូចជា ផ្សារធំថ្មី ព្រះបរមរាជវាំង និងសារមន្ទីរជាតិកម្ពុជា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់រាជធានីភ្នំពេញ ស្ថិតនៅចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រប៉ុណ្ណោះ៕







