ដោយៈ ចំណាន
ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូន លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចជំនួបនេះធ្វើឡើង ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងឱកាសនៃជំនួបនេះ លោកឧកញ៉ាសាស្ត្រាចារ្យប្រធានសមាគម បានជម្រាបជូនអំពីគម្រោងនៃការស្នើសុំ កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍមុខរបរ ការពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ច ក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ និងការបញ្ជ្រាបការយល់ដឹងអំពី វិស័យទេសចរណ៍ជាមួយបណ្តាញសាស្ត្រាចារ្យ និងនិស្សិតឱ្យកាន់តែសកម្មថែមទៀត ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់សមាគម ក្រោមការដឹកនាំរបស់លោក ឧកញ៉ាប្រធាន និងការចូលរួមរបស់សហការីគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ការរៀបចំកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់នានា សំដៅបង្កើតឱកាសមុខរបរ ការងារ និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាព និងធានាអនាគតកាន់តែប្រសើរជូនប្រជាពលរដ្ឋ”។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើទិសដៅ កិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៤រួមមាន ទី១. បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសមត្ថភាពធនធានមនុស្ស ឱ្យស្របតាមតម្រូវការទីផ្សារនៅក្នុងវិស័យទេសចរណ៍។ ទី២. បង្កើតឱកាសការងារ លើកកម្ពស់វិជ្ជាជីវៈ និងអភិវឌ្ឍមុខរបរផ្សេៗនៅតាមខ្សែ ច្រវាក់ផលិតកម្មនៃវិស័យទេសចរណ៍។
ទី៣. ពង្រីកការងារក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបញ្ជ្រាបការយល់ដឹង អំពីវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ និងទី៤.ឯកភាពរៀបចំការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ និងជំរុញការអនុវត្តឱ្យទទួលបានលទ្ធផលជាក់ស្តែង៕







