ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធ​យុវជនសេដ្ឋកិច្ច​កម្ពុជា​ចាប់​ដៃ​គ្នា​អភិវឌ្ឈន៍​វិស័យទេសចរណ៍​កម្ពុជា​ឱ្យកាន់តែ​រីក​ចម្រើន​

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូន លោក​ឧកញ៉ា​សាស្ត្រាចារ្យ​សមូហកបណ្ឌិត ឡី សុភាព ប្រធា​នសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចជំនួបនេះធ្វើឡើង ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹ​ងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនៃជំនួបនេះ លោកឧកញ៉ាសាស្ត្រាចារ្យប្រធានសមា​គម បានជម្រាបជូនអំពីគម្រោងនៃការ​ស្នើ​សុំ ​កិច្ចសហប្រតិបត្តិការ​លើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍមុខរបរ ការពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ច ក្រៅប្រព័ន្ធក្នុងវិស័យ​ទេសចរណ៍ និងការបញ្ជ្រាបការយល់ដឹងអំពី វិស័យទេសចរណ៍ជាមួយបណ្តាញសាស្ត្រាចារ្យ និង​និស្សិត​ឱ្យ​កាន់​តែសកម្មថែមទៀត ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​របស់​សមាគម​ ក្រោមការដឹកនាំរបស់លោក ឧកញ៉ាប្រធាន និងការចូលរួមរបស់សហការី​គ្រប់​លំដាប់​ថ្នាក់ ដែលបានរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែងតែចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ការរៀបចំកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍​ចាំបា​ច់​នានា សំដៅបង្កើតឱកាសមុខរបរ ការងារ និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាព និង​ធានា​អនាគតកាន់តែប្រសើរជូនប្រជាពលរដ្ឋ”។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើទិសដៅ កិច្ចសហប្រតិ​បត្តិការសំខាន់ៗចំនួន៤រួមមាន ទី១. បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសមត្ថភាពធនធានមនុស្ស ឱ្យស្របតាមតម្រូវការទីផ្សារនៅក្នុងវិស័យទេសចរណ៍។ ទី២. បង្កើតឱកាសការងារ លើកកម្ពស់វិជ្ជាជីវៈ និងអភិវឌ្ឍមុខរបរផ្សេៗនៅតាមខ្សែ ច្រវាក់ផលិត​កម្មនៃវិស័យទេសចរណ៍។

ទី៣. ពង្រីកការងារក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបញ្ជ្រាបការយល់ដឹង អំពីវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ និងទី៤.ឯកភាពរៀបចំការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ និងជំរុញការអនុវត្តឱ្យទទួលបានលទ្ធផលជាក់ស្តែង៕


ចែករំលែក