ដំណឹងល្អៈ ​គម្រោង​សាងសង់​ស្ពានឆ្លងកាត់​ទន្លេមេគង្គ ​អរិយក្សត្រថ្មី​បាន​ឈាន​ដល់​ការ​កំណត់​ទិន្នន័យ​ចុងក្រោយ​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ចុងក្រោយ (Draft Final Report) នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំនេះមានមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរក្រុង-ស្រុក-ខណ្ឌពាក់ព័ន្ធ ព្រមទាំងក្រុមការងារសិក្សាគម្រោង នៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសJICA។

គម្រោងដ៏មានសារសំខាន់នេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងសម្រួលការធ្វើចរាចរណ៍តាមរបៀងសេដ្ឋកិច្ចភាគខាងត្បូង ដោយគ្របដណ្តប់លើ៖១. ការប្រែក្លាយ និងពង្រីកផ្លូវជាតិលេខ១ (ប្រវែងសរុប៥៣គ.ម): ពង្រីកពី២ ទៅ៦គន្លង និង៤គន្លង តាមផ្នែកជាក់ស្តែង រួមទាំងការសាងសង់ផ្លូវអាកាស(Viaduct​)​នៅចំណុចប្រជុំជន/ផ្សារសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាកកស្ទះ។

២. ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (តភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២): ប្រភេទស្ពាន Extradosed Bridge តភ្ជាប់រវាងរាជធានីភ្នំពេញ និងតំបន់អរិយក្សត្រ ព្រមទាំងផ្លូវតភ្ជាប់សំខាន់ៗ។

ជាលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំទាំងមូលបានចូលរួមផ្តល់យោប​ល់ និងពិភាក្សាយ៉ាងផុលផុស លើទិដ្ឋភាពបច្ចេកទេស ផលប៉ះពាល់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី និងផែនការអនុវត្តគម្រោង។

ជាមួយគ្នានេះ សមាជិកអង្គប្រជុំទាំងអស់បានសម្តែងនូវការសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃសិក្សាយ៉ាងលម្អិត និងស៊ីជម្រៅរបស់ក្រុមការងារសិក្សាគម្រោង នៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស JICA ដែលជាជំហានដ៏មានសារសំខាន់ ឈានទៅរកការអនុវត្តគម្រោងជាផ្លូវការ ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងការធ្វើដំណើ​ររបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕


ចែករំលែក