ដោយៈ រ៉ាណេត
ក្រុងតាខ្មៅៈ បន្ទាប់ផ្លូវជាតិលេខ២១ត្រូវបានពង្រីក និងមានការរៀបចំយ៉ាងរលូនបានធ្វើឲ្យតម្លៃដីធ្លីកើនឡើង ស្របពេលអ្នកវិនិយោគគំរោងបុរីនានាបាន និងកំពុងពង្រីកទៅកាន់តំបន់ស្ថិតនៅភាគខាងត្បូងក្រុងតាខ្មៅ។
នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Focus Property លោក ប៉ូ អ៊ាវគង់ បានមានប្រសាសន៍ឲម្យដឹងនាព្រឹកថ្ងៃទី២៨ ឧសភានេះថា ពេលនេះ មិនថាដីនៅតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ឬនៅតំបន់ផ្លូវលេខ២១A នោះទេ គឺតម្លៃដីធ្លី និងអចលនទ្រព្យមួយចំនួន បាននិងកំពុងតែបង្ហាញពីភាពល្អប្រសើរជាងឆ្នាំមុន ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកំនើនសេដ្ឋកិច្ចនៅតែរ៉ឹងមាំ។
លោកបន្តថា ដីនៅតាមបណ្តោយផ្លូវលេខ២១ ដែលមានចម្ងាយចន្លោះពី៥ទៅ៧ គីឡូម៉ែត្រ គិតចាប់ពីចំណុចតំបន់ទួលក្រសាំង ឆ្ពោះទៅកាន់តំបន់ស្រុកស្អាង ពេលនេះគឺកាន់តែមានភាពល្អប្រសើរច្រើន ជាពិសេសតំបន់ដែលនៅជិតគម្រោងសាងសង់ផ្លូវល្បឿនលឿន។ លោកបន្តទៀតថា “នៅតំបន់នេះសព្វថ្ងៃគឺកំពុងតែចាប់ផ្តើម មានសកម្មភាពអភិវឌ្ឍទៅលើវិស័យសំណង់ ជាពិសេសវិស័យលំនៅដ្ឋានកម្រិតក្រោមមធ្យម សម្រាប់អ្នកដែលមានចំណូលទាប រួមជាមួយនឹងគម្រោងនៃការអភិវឌ្ឍវិស័យលំនៅដ្ឋាន កម្រិតមធ្យមរបស់ម្ចាស់គម្រោងមួយចំនួនទៀតដែរ។ ដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែងនៅលើទីផ្សារ ខណៈដែលកំណើននៃកក្តាប្រជាសាស្ត្រក៏មានការកើនឡើង។
លោកប៉ូ អ៊ាវគង់បានទៀតថា “ ធម្មតានៅពេលដែលមានតម្រូវការលើផ្នែកសំណង់ វានឹងជម្រុញឱ្យតម្លៃដីមានការកើនឡើង។ តម្លៃដីដែលស្ថិតនៅតំបន់ ដូចដែលបានលើកឡើងខាងលើនេះ ជាពិសេសដីដែលនៅជាប់ផ្លូវធំ មានតម្លៃក្នុងចន្លោះពី១៥០-២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពីឆ្នាំកន្លងទៅ ដីនៅតំបន់ដដែលនេះមានតម្លៃត្រឹមតែប្រមាណ ៨០-១២០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។
;ដោយឡែកចំពោះដីធ្លាប់តែជាតំបន់វាលស្រែ និងជាតំបន់ទឹកលិច ដែលកាលពីឆ្នាំមុនមានតម្លៃត្រឹម១៥ ទៅ២៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះ ពេលនេះបានកើនឡើងរហូតដល់ក្នុងចន្លោះចាប់ពី៥០-៦០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
នាយកក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វីរៈ បានទទួលស្គាល់ថា តំបន់ខាងលើនេះពិតជាមានភាពទាក់ទាញក្នុងការអភិវឌ្ឍ ប៉ុន្តែវានៅមិនទាន់មានភាពពុះកញ្ជ្រោលខ្លាំង ដូចជាតំបន់មួយចំនួនដែលស្ថិតនៅជាយក្រុងតាមបណ្តាផ្លូវជាតិធំៗនោះនៅឡើយ។ លោកបានបន្តថា បើប្រៀបធៀបតំបន់ជាយក្រុងដែលស្ថិតនៅជាប់ផ្លូវជាតិធំនានា តំបន់ខាងលើដែលស្ថិតនៅជាប់ផ្លូវជាតិលេខ២១A ហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែយើងទទួលស្គាល់ថា ពិតជាមានការកើនឡើងនូវតម្លៃពិតប្រាកដមែន។
លោកបានបន្តទៀតថា ដីដែលស្ថិតនៅក្បែរគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ អាចនឹងមានការទាក់ទាញខ្លះលើវិស័យរោងចក្រ សហគ្រាស និងឃ្លាំងមួយចំនួន ដោយហេតុថា ដីនៅទីនេះតម្លៃនៅទាបនៅឡើយ បើប្រៀបធៀបជាមួយតំបន់ផ្សេងៗដែលស្ថិតក្នុងគម្រោងផ្លូវក្រវ៉ាត់ក្រុងដូចគ្នា។ លោកបន្តថា ថ្វីត្បីតតែតំបន់នេះហាក់មានចម្ងាយឆ្ងាយពីតំបន់មួយចំនួនទៀត ដែលអាស្រ័យដល់ការដឹងជញ្ជូនទៅតាមផ្លូវជាតិលេខ៣ ឬផ្លូវជាតិលេខ៤ក៏ពិតមែន តែការធ្វើដំណើរតាមផ្លូវនេះ មិនតម្រូវឲ្យចំណាយពេលយូរក្នុងការដឹកជញ្ជូននោះដែរ។ ដូច្នេះ អ្នកវិនិយោគក្នុងផ្នែករោងចក្រ ក៏ដូចជាសហគ្រាសមួយចំនួនអាចនឹងសម្លឹងឃើញពីភាពល្អប្រសើរដែលអាចទទួលបាន៕
[…] ប្រភព៖ Property Area […]