កម្មការិនីកំពុងកាត់ដេរសម្លៀកបំពាក់។ រូបថត៖ ម៉ៃ វីរៈ
ដោយ Donald Lee
ភ្នំពេញៈ ក្រសួងការងារបានរៀបចំព្រឹត្តិការណ៍មួយ ដើម្បីគូសបញ្ជាក់ពីសារៈសំខា ន់នៃការរៀបចំសម្រាប់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីជំនួសឲ្យការងារផលិតកម្មដែលមានជំនាញទាបដែលជាការឈានចូលដល់បដិវត្តន៍ឧស្សាហកម្មទី៤។
លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “នៅពេលអនាគត ការរីកចម្រើននៃបច្ចេកវិទ្យានឹងបង្កើតប្រភេទការងារថ្មី ហើយនឹងធ្វើឲ្យមានការងារធ្លាក់ចុះការងារសម្រាប់យុវជន”។លោកបន្តថា “ឥឡូវនេះផលប៉ះពាល់នៃបច្ចេកវិទ្យាមិនទាន់ឃើញច្បាស់នៅឡើយ។ ប៉ុន្តែយើងចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ពេលអនាគត ហើយជំហានដំបូង គឺដើម្បីអភិវឌ្ឍធនធានមនុស្សជាមួយនឹងជំនាញថ្មី សម្រាប់យុគសម័យឌីជីថល”។
-->
លោកបានសំដៅទៅនឹងរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលលើកឡើងពីតម្រូវការសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសនៃកម្លាំងពលកម្មនៅអាស៊ីអាគ្នេយ៍។
អង្គការពលកម្មអន្តរជាតិដែលជាផ្នែកមួយ របស់អង្គការសហប្រជាជាតិបានព្យាករណ៍ថា៨៨ភាគរយនៃការងារនៅក្នុងវិស័យកាត់ដេរកម្ពុជា គឺមានហានិភ័យខ្ពស់ក្នុងការធ្វើឲ្យលែងមានតម្រូវការដោយស្វ័យប្រវត្តិ។
អង្គការពលកម្មអន្តរជាតិឲ្យដឹងថា “បច្ចេកវិទ្យាអាចប៉ះពាល់ដល់ប្រតិបត្តិករម៉ាស៊ីនដេរស្ទើរតែកន្លះលាន ដែលជាទូទៅអនុវត្តភារកិច្ចដដែលៗ និងដោយដៃ”។
ភាគច្រើននៃអ្នកដែលនៅក្នុងឧស្សាហកម្មកាត់ដេរ ដែលជាវិស័យមួយដែលងាយរងគ្រោះបំផុតចំពោះការរីកចម្រើនខាងបច្ចេកវិទ្យា គឺក្មេងស្រីដែលផ្ញើរប្រាក់ទៅគ្រួសាររបស់ពួកគេនៅតាមខេត្ត។
របាយការណ៍បានបង្ហាញថា “ផលប៉ះពាល់ដោយស្វ័យប្រវត្តិកម្ម នឹងត្រូវបានកើតឡើងដល់ស្ត្រីវ័យក្មេងអាយុពី១៥ ទៅ២៤ឆ្នាំ។ តាមការពិត ស្ត្រីមានអត្រាបាត់បង់ការងារច្រើនជាងបុរស៥០ភាគរយ”៕