សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ចេញដំណើរទៅកាន់ប្រទេសជប៉ុន។ រូបថត៖ ហ្វេសប៊ុកសម្ដេច
ដោយ Donald Lee
ភ្នំពេញ៖ គណៈប្រតិភូរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃស្អែក នឹងមានភារកិច្ច និងបេសកកម្មសំខាន់មួយដើម្បីធ្វើការទាក់ទាញវិនិយោគិនជប៉ុន។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ នៅក្នុងថ្ងៃខាងមុខនេះក្នុងសន្និសីទអន្តរជាតិលើកទី ៥ ស្តីពីអនាគតនៃអាស៊ី។
-->
គណៈប្រតិភូដែលអមដំណើរជាមួយសម្តេចនាយករដ្ឋមន្រ្តី រួមមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ លោកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកសុខ ចិន្តាសោភាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាជិករដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនទៀត។
ថ្នាក់ដឹកនាំធុរកិច្ចដែលអមដំណើរជាមួយ នឹងសម្តេចតេជោហ៊ុន សែន នឹងមានភារកិច្ចនាំយកវិនិយោគិនជប៉ុនមកកាន់កម្ពុជា។ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងនេះ សម្តេចសម្តេចនាយករដ្ឋមន្ត្រី គ្រោងធ្វើសុន្ទរកថានៅក្នុងសិក្ខាសាលា ជាមួយអ្នកវិនិយោគជប៉ុន ដែលកម្មវិធីនេះរៀបចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO)។
នេះនឹងជាសន្និសីទស្តីការវិនិយោគទី ២ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅប្រទេសជប៉ុននៅឆ្នាំនេះ។
កាលពីខែមីនា លោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជួបជាមួយវិនិយោគិនជប៉ុនចំនួន ២០០នាក់ នៅទីក្រុងតូក្យូ និងបានធ្វើបទបង្ហាញអំពីឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា និងកាត់បន្ថយក្តីបារម្ភ ពីការវិនិយោគចិនគ្របដណ្តប់លើសេដ្ឋកិច្ចកម្ពុជា។
លោក ចិន្តាសោភា បានប្រាប់វិនិយោគិនជប៉ុននៅក្នុងវេទិកាវិនិយោគកម្ពុជា នៅទីក្រុងតូក្យូកាលពីថ្ងៃទី ៥ ខែមីនាថា “កម្ពុជាមិនមែនជាកន្លែងចំណុះរបស់ចិនទេ គឺទីនេះបើកចំហរសម្រាប់អ្នកវិនិយោគទាំងអស់”។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រទេសជប៉ុនបានបង្កើនទុនលើគម្រោងវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ការបង្កើនទុនវិនិយោគរបស់ជប៉ុនមាន១១៩,៧លានដុល្លារ ក្នុងឆ្នាំ២០១៦ ហើយកើនដល់១៧១,៨ លានដុល្លារកាលពីឆ្នាំមុន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប៉ាន់ស្មានថា ប្រទេសជប៉ុននឹងបង្កើនទុនលើគម្រោងវិនិយោគ ដែលមានតម្លៃ២៤៩,៤ លានដុល្លារនៅឆ្នាំនេះ។
បើប្រៀបធៀបជប៉ុន ការវិនិយោគពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែបន្តធ្លាក់ចុះនៅកម្ពុជា។ ទុនវិនិយោគរបស់សហភាពអឺរ៉ុបបានធ្លាក់ចុះពី៧០,៣ លានដុល្លារក្នុងឆ្នាំ២០១៤ មកត្រឹម២៦,៧លានដុល្លារកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិកបានដាក់ទុនលើគម្រោងវិយោគដែលមានតម្លៃ៩១,៦ លានដុល្លារនៅក្នុងឆ្នាំ២០១៤ និងមានត្រឹមតែ ៣៥,៧លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។
ការនាំចេញរបស់កម្ពុជាទៅកាន់ជប៉ុនបានកើនឡើងដល់៥៥៨ លានដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយកើនឡើង ១៦,៥ បើប្រៀបធៀបទៅនឹងត្រីមាសមុន។
យោងតាមក្រុមហ៊ុន JETRO ការនាំចេញរបស់ជប៉ុនមកកម្ពុជា ក៏កើនឡើង២០ ភាគរយផងដែរនៅត្រីមាសទីមួយ ដែលគិតជាទឹកប្រាក់១០៤ លានដុល្លារ៕