ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6) កំពុងពន្លឿនការអនុវត្តយុទ្ធសាស្ត្រស្នូលចំនួន២ តាមរយៈការធ្វើទំនើបកម្ម និងពិពិធកម្មយន្តហោះ ព្រមទាំងការពង្រីកបណ្តាញហោះហើររបស់ខ្លួនទៅកាន់គោលដៅនានាឱ្យបានកាន់តែច្រើន។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA)លោក ស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា យុទ្ធសាស្រ្តទាំងនេះ មានគោលបំណងសំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពប្រតិបត្តិការ បង្កើនគុណភាពសេវាកម្ម និងបទពិសោធធ្វើដំណើររបស់អ្នកដំណើរ ព្រមទាំងពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារ គោលដៅសំខាន់ៗទាំងក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ងាយស្រួល រលូន និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក៏បានចុះកិច្ចព្រមព្រៀងទិញយន្តហោះខ្នាតមធ្យម(narrow-body/ single-aisle) និងប្រភេទយន្តហោះ សម្រាប់ប្រតិបត្តិការហោះហើរក្នុងតំបន់ដ៏មានសារៈសំខាន់ ដែលបង្ហាញពីជំហរដ៏មានប្រៀបរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនការតភ្ជាប់ ទៅទៅកាន់គោលដៅនានាលើពិភពលោកបន្ថែមទៀត។
លោកបានថ្លែងថា “ការវិវត្តជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាពប្រកួតប្រជែង និងគាំទ្រកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការសម្រេចអាទិភាពអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ទៅក្នុងបណ្តាញសេដ្ឋកិច្ច និងការតភ្ជាប់ទាំងក្នុងតំបន់ និងសកលលោក”។
លោកបញ្ជាក់ថា ការធ្វើសមាហរណកម្មប្រភេទយន្តហោះ និងការលើកកម្ពស់សេវាកម្ម ប្រតិបត្តិការលើដីទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលាធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានក្នុងការកំណត់ឡើងវិញ នូវដំណើររបស់អ្នកដំណើរផងដែរ។ តាមរយៈការកាត់បន្ថយឧបសគ្គ ឬចំណុចរាំងស្ទះក្នុងដំណើរការប្រតិបត្តិការដែលមិនចាំបាច់ Air Cambodia និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) កំពុងពន្លឿន និងបង្កើនលក្ខណៈងាយស្រួលដល់ការតភ្ជាប់របស់អ្នកដំណើរអន្តរជាតិ ពីបណ្តាញហោះហើរក្នុងតំបន់ និងសកលលោក ទៅកាន់បណ្តាញហោះហើរក្នុងស្រុក ដែលកាន់តែមានភាពឆាប់រហ័ស ងាយស្រួល និងរលូន។

លោក ចាន់សិរីវិត្ថាបានបន្តថា សម្រាប់ប្រភេទយន្តហោះ C909 ផលិតនៅប្រទេសចិនដែលក្រុមហ៊ុន Air Cambodia ដែលបានបញ្ជាទិញរួចមកហើយចំនួន២០គ្រឿង គឺនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
ទិន្នន័យរបស់SSCA បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ចំនួនជើងហោះហើរចេញ-ចូល ឆ្លងកាត់អាកាសយានដ្ឋានអន្តជាតិទាំង ៣ (KTI, SAI និងKOS) មានចំនួន៣៧,២៤៨ ជើង ថយចុះ១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។
ចំណែកអ្នកដំណើរតាមផ្លូវអាកាស មានចំនួន ៣,៧១ លាននាក់ ថយចុះ៩% និងបរិមាណទំនិញឆ្លងកាត់៥៧,១០២ តោន កើនឡើង ២១%។ នៅកម្ពុជាបច្ចុប្បន្នមាន ក្រុមហ៊ុនអាកាសចរណ៍ធ្វើប្រតិបត្តិការសរុប៣៣ ក្នុងនោះក្រុមហ៊ុនជាតិ៤ និងអន្តរជាតិ២៩៕







