កម្ពុជា​កំពុង​ពង្រីក​បណ្តាញហោះ​ហើរ​របស់​ខ្លួន​ទៅ​កាន់គោលដៅនានា​ឱ្យ​បាន​កាន់​តែ​ច្រើន​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិ​ Air Cambodia (K6) កំពុងពន្លឿនការអនុវត្តយុទ្ធសាស្ត្រស្នូលចំនួន២ តាម​រយៈ​ការធ្វើទំនើបកម្ម និងពិពិធកម្មយន្តហោះ ព្រម​ទាំង​ការពង្រីកបណ្តាញហោះហើរ​របស់​ខ្លួនទៅ​កាន់​គោលដៅ​នានា​ឱ្យ​បាន​កាន់​តែ​ច្រើន​។

​អ្នក​នាំពាក្យ​ និងជាអនុ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA)លោក ស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា យុទ្ធសាស្រ្ត​ទាំង​នេះ​ មាន​គោល​បំណង​សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពប្រតិបត្តិការ បង្កើនគុណភាពសេវាកម្ម និងបទពិសោធធ្វើដំណើររបស់អ្នកដំណើរ ព្រមទាំងពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា​ទៅកាន់ទីផ្សារ គោលដៅសំខាន់ៗទាំងក្នុងតំបន់ និងអន្តរជាតិ​ឱ្យកាន់តែទូលំទូលាយ ងាយស្រួល រលូន និងមានប្រសិទ្ធភាព។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុនអាកាសចរណ៍ជាតិ​ Air Cambodia ក៏​បាន​ចុះ​​កិច្ចព្រមព្រៀងទិញយន្តហោះខ្នាតមធ្យម(narrow-body/ single-aisle) និងប្រភេទយន្តហោះ សម្រាប់ប្រតិបត្តិការហោះហើរក្នុងតំបន់ដ៏មានសារៈសំខាន់ ​ដែលបង្ហាញពីជំហរដ៏មានប្រៀបរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនការតភ្ជាប់ ទៅទៅ​កាន់​គោលដៅនានា​លើ​ពិភពលោក​បន្ថែម​ទៀត​។​

លោក​បានថ្លែង​​ថា “​ការវិវត្តជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាពប្រកួតប្រជែង និងគាំទ្រកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការសម្រេ​ចអាទិភាពអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចប្រកប​ដោយចីរភាព ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ការលើកកម្ពស់វិស័យ​ទេសចរណ៍ និងការធ្វើសមាហរណកម្មកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ទៅក្នុងបណ្តាញសេដ្ឋកិច្ច និងការតភ្ជាប់ទាំងក្នុងតំបន់ និងសកលលោក”។

លោក​​បញ្ជាក់​ថា ​ការធ្វើសមាហរណកម្មប្រភេទយន្តហោះ និងការលើកកម្ពស់សេវាកម្ម ប្រតិបត្តិការលើដីទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលាធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានក្នុងការកំណត់ឡើងវិញ នូវដំណើររបស់អ្នកដំណើរផងដែរ។ តាមរយៈការកាត់បន្ថយឧបសគ្គ ឬចំណុចរាំងស្ទះក្នុងដំណើរការប្រតិបត្តិការដែលមិនចាំបាច់ Air Cambodia និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) កំពុងពន្លឿន និងបង្កើនលក្ខណៈងាយស្រួលដល់ការតភ្ជាប់របស់អ្នកដំណើរអន្តរជាតិ ​ពីបណ្តាញហោះហើរក្នុងតំបន់ និងសកលលោក​ ទៅកាន់បណ្តាញហោះហើរក្នុងស្រុក ដែល​កាន់តែមាន​ភាព​ឆាប់រហ័ស ងាយស្រួល និងរលូន។

​លោក ចាន់​សិរីវិត្ថាបានបន្តថា សម្រាប់​ប្រភេទយន្តហោះ​ C909 ផលិត​នៅ​ប្រទេស​ចិន​ដែល​ក្រុមហ៊ុន Air Cambodia ដែល​បាន​បញ្ជា​ទិញ​រួច​មក​ហើយ​ចំនួន២០គ្រឿង គឺ​នឹង​​មក​ដល់​កម្ពុជាជាបន្ត​បន្ទាប់​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៦ នេះ​។

ទិន្នន័យ​របស់SSCA បាន​ឱ្យ​ដឹង​ថា ក្នុងរយៈពេល៧ខែ​ ឆ្នាំ២០២៦​ ចំនួន​ជើង​ហោះហើរ​ចេញ-ចូល ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្ត​ជាតិ​ទាំង ៣ (KTI, SAI និងKOS) មាន​ចំនួន៣៧,២៤៨ ជើង ថយចុះ១% បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៥។

ចំណែក​​អ្នកដំណើរតាមផ្លូវអាកាស មាន​ចំនួន ៣,៧១ លាននាក់ ថយចុះ៩% និង​បរិមាណទំនិញឆ្លងកាត់៥៧,១០២ តោន កើនឡើង ២១%។ នៅ​កម្ពុជាបច្ចុប្បន្ន​​មាន​ ក្រុមហ៊ុន​អាកាសចរណ៍​ធ្វើ​ប្រតិបត្តិការ​សរុប៣៣ ក្នុង​នោះ​ក្រុមហ៊ុន​ជាតិ៤ និង​អន្តរជាតិ២៩៕


ចែករំលែក