ដោយៈ ចំណាន
ភ្នំពេញៈ គណៈកម្មការអនុវត្តគម្រោងសាងសង់ សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានរៀបចំកិច្ចប្រជុំជាលើកដំបូង ដើម្បីពិភាក្សាលើការរៀបចំប្លង់ស្ថាបត្យកម្មមេ សម្រាប់អនុវត្តគម្រោងសាងសង់អគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ។
កិច្ចប្រជុំនេះដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអនុវត្តន៍ គម្រោងសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការជាលើកដំបូង ដើម្បីពិភាក្សាលើការរៀបចំប្លង់ស្ថាបត្យកម្មមេ (Master Plan) សម្រាប់អនុវត្តន៍ គម្រោងសាងសង់អគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និង សមាជិក នៃគណៈកម្មការតំណាងក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចប្រជុំនេះមានគោលបំណង ផ្តោតចំណុចគន្លឹះៗលើការរៀបចំ Master Plan អនុវត្តន៍គម្រោងសាងសង់អគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដោយបានសិក្សាគម្រោង និង រចនាបទច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត (កម្ពុជា-ថៃ), ស្ទឹងបត់ (កម្ពុជា-ថៃ), បាវិត (កម្ពុជា-វៀតណាម) និង ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (កម្ពុជា-វៀតណាម) ព្រមទាំងលើកគំរូចំនួនបួនជម្រើស សម្រាប់ការរៀបចំ និងសិក្សា Master Plan នេះឡើង ដោយផ្តោតការយកចិត្តទុកដាក់ លើរចនាបទជារបស់ខ្មែរ និង អត្តសញ្ញាណជាតិខ្មែរ ឬលក្ខណៈសម្គាល់ពិសេស (ខេត្តកណ្តាល) ស្របតាមតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ន ដែលមានសមត្ថកិច្ចនៅច្រកពំដែនអន្តរជាតិជ្រៃធំនេះ ឱ្យបានគ្រប់ជ្រុងជ្រោយ ពីភាគីពាក់ព័ន្ធ និង តម្រូវការធនធានហិរញ្ញវត្ថុ ជាពិសេសស្របពេលដែលកម្ពុជា-វៀតណាម បានឯកភាពគ្នាជំរុញការដំឡើង កម្រិតច្រកទ្វារទ្វេភាគីជ្រៃធំ-ខាញ់ប៊ិញ ទៅជាច្រកព្រំដែនអន្តរជាតិ។
វាជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ ព្រោះថាច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងតភ្ជាប់ផ្លូវគោកដែលជិតជាងគេបំផុត រវាងរាជធានីភ្នំពេញ ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ទៅកាន់ប្រទេសវៀតណាម ។
លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យលទ្ធភាពសាងសង់អគារផ្នែករដ្ឋបាល សម្រាប់ជាការិយាល័យត្រួតពិនិត្យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង រៀបចំកន្លែង សម្រាប់ការលើកដាក់ផ្ទេរទំនិញ និង ចំណតរថយន្តដឹកទំនិញ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន មុននឹងឈានទៅសាងសង់គម្រោងទាំងមូល នៅពេលទទួលបានហិរញ្ញប្បទានគាំទ្រ ដោយរៀបចំទៅតាម Master Plan នេះដែរ។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រ និង ឯកភាពកំណត់យកគំរូនៃជម្រើសទី១ ព្រមទាំងប្រគល់ភារកិច្ចជូនតំណាងក្រសួង-ស្ថាប័ន បន្តពិគ្រោះ និង ផ្តល់ការពិនិត្យអនុម័ត ឬ កែសម្រួល Master Plan រួម, មុននឹងដាក់ឆ្លង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់៕







