ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងវិស័យជំនួញ មនុស្សគ្រប់គ្នាដែលបានចូលរួមប្រឡូក សុទ្ធតែប្រាថ្នាចង់បានលទ្ធផលល្អប្រសើរ និងភាពជោគជ័យ ប៉ុន្តែទាស់ត្រង់ថាតើគួរធ្វើអ្វីខ្លះដើម្បីទទួលបានភាពល្អប្រសើរលើមុខជំនួញទាំងនោះ។
លោកឧកញ៉ា លឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហើបប្រាប់ថា ដើម្បីទទួលបានជោគជ័យលើមុខជំនួញ អ្នកវិនិយោគទាំងអស់ត្រូវចេះ៣ចំណុចជាចាំបាច់។ លោកឧកញ៉ាបានបន្តថា នៅក្នុងការប្រកបមុខជំនួញ មិនថាចំពោះតែក្រុមហ៊ុនតូច ឬ ធំនោះទេ គឺសុទ្ធតែតម្រូវឱ្យមានចក្ខុវិស័យ និងយុទ្ធសាស្ត្រ ក្នុងការអនុវត្តច្បាស់លាស់ ហើយដាច់ខាតត្រូវតែប្រាកដថាមានលទ្ធផលល្អដល់ក្រុមហ៊ុន។
លោកឧកញ៉ាបន្ថែមថា “មុខជំនួញមួយអាចដំណើរការទៅមុខ ប្រកបដោយភាពរលូនជាមួយនឹងការទទួលបានលទ្ធផលល្អទៅបាន គឺអាស្រ័យទៅលើចំណុច៣សំខាន់ៗ រួមមាន ការចេះចាប់ឱកាស ការចេះបង្កើតឱកាស និងការចេះផ្តល់ឱកាស”។
ការចេះចាប់ឱកាស
ជាទូទៅការប្រកបមុខជំនួញ គឺសុទ្ធតែមានការអនុគ្រោះពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់ឱកាស និងអនុគ្រោះដល់វិស័យឯកជនទាំងអស់។ ដូច្នេះសម្រាប់អ្នកជំនួញត្រូវតែចេះសង្កេតមើល និងចាប់យកឱកាសល្អ ដើម្បីអនុវត្តនូវផែនការអាជីវកម្មរបស់ខ្លួន នៅលើទីផ្សារឱ្យបានទាន់ពេល ព្រោះឱកាសដែលអាចអំណោយផលដល់អាជីវកម្មនិមួយៗ មិនមែនសុទ្ធតែមានគ្រប់ពេលវេលាទាំងអស់នោះទេ ។
ការចេះបង្កើតឱកាស
ការចេះបង្កើតឱកាសវាជាចំណុចដ៏សំខាន់បំផុត សម្រាប់គ្រប់អ្នកជំនួញទាំងអស់ ដែលក្នុងនោះរាប់ទាំងអស់ប្រកបអាជីវកម្មខ្នាតតូចផងដែរ។ គ្មានឱកាសណាដែលរត់មករកអ្នក ឬរង់ចាំអ្នកនោះទេ ប្រការដែលសំខាន់ គឺការចេះបង្កើតវាដោយខ្លួនឯង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ក៏ដូចជាដៃគូវិនិយោគនានា ដែលស្ថិតនៅក្នុងវិស័យរួមគ្នា។ មានន័យថា នៅក្នុងដំណើរអាជីវកម្មមួយត្រូវតែមានការណែនាំពីខ្លួន ណែនាំពីផលិតផលរបស់ក្រុមហ៊ុនទៅកាន់ទីផ្សាររួម ដើម្បីអាចទទួលបានការគាំទ្រ និងសហការពីបណ្តាដៃគូផងដែរ។
ការចេះផ្តល់ឱកាស
ក្រុមហ៊ុនមួយដែលមានការរីកចម្រើន និងអាចដំណើរការប្រកបដោយភាពជោគជ័យ គឺមិនមែនមានតែអ្នកដឹកនាំ ឬម្ចាស់អាជីវកម្មធ្វើឡើងតែម្នាក់ឯងនោះទេ គឺត្រូវតែមានការចូលរួមពីសមាសភាពមនុស្ស ដែលនៅជុំវិញខ្លួនទាំងអស់។ ដូច្នេះគ្រប់ម្ចាស់អាជីវកម្មទាំងអស់ត្រូវតែចេះចែករំលែក និងផ្តល់ឱកាសទៅដល់មនុស្សដែលនៅជុំវិញខ្លួន ជាពិសេសដៃគូវិនិយោគរួមគ្នា ដើម្បីអាចទទួលបានផលវិជ្ជមានទាំងអស់គ្នា។
ការទទួលបានផលរួមគ្នានៅក្នុងវិស័យពាក់ព័ន្ធ វាជាវិធីសាស្ត្រដ៏ប្រសើរនៅក្នុងដំណើរប្រតិបត្តិការ ក៏ដូចជាបើកទីផ្សារឱកាន់តែធំទូលាយ។ ធ្វើរួមគ្នា ដំណើរការរួមគ្នា ជោគជ័យលើមុខជំនួញទាំងអស់គ្នា៕