ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សា លើការស្នើសុំសម្របសម្រួល លើសំណើវិនិយោគគម្រោងបង្កើតតំបន់ប្រមូលផ្តុំ សហគ្រាសធុនតូច មធ្យម និង រោងចក្រ ស្ថិតក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះដឹកនាំដោយលោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំសម្របសម្រួលលើសំណើវិនិយោគ គម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster)ស្ថិតនៅក្រុងកំពង់សោម ស្រុកព្រៃនប់ និង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានផ្តោតការពិភាក្សាលើបញ្ហាដីធ្លី និងស្ថានភាពនៃការកាន់កាប់ដីជាក់ស្តែង នៅទីតាំងដែលបានស្នើសុំវិនិយោគ ។ ជាមួយនេះ អង្គប្រជុំបានផ្តល់ធាតុចូល ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ នីតិវិធីនៃការគ្រប់គ្រងដីធ្លី និង ភាពស្មុគស្មាញនៃការកាន់កាប់ជាក់ស្តែងនៅទីតាំងនោះ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ ឱ្យបានគ្រប់ជ្រុងជ្រោយ និង មានសង្គតិភាព មុននឹងឈានដល់ការពិនិត្យលើសំណូមពរផ្សេងៗរបស់ក្រុមហ៊ុន ដែលបានស្នើសុំការសម្របសម្រួល និង ការលើកទឹកចិត្តពិសេសនានាពីរាជរដ្ឋាភិបាល ។
ជាលទ្ធផលនៃកិច្ចពិភាក្សា លោកបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគនេះ ដែលមានសក្តានុពលក្នុងការចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ក្នុងខេត្តព្រះសីហនុ ។ យ៉ាងណាមិញ ដោយសារការស្នើសុំនេះមានការពាក់ព័ន្ធភាគច្រើនទៅនឹងភាពមិនទាន់ច្បាស់លាស់ នៃបញ្ហាកាន់កាប់ដីធ្លី ក្រុមការងារបានផ្តល់ការណែនាំ ឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ដើម្បីធ្វើការសិក្សា និងសម្របសម្រួលដោះស្រាយ ស្របតាមច្បាប់ និងនីតិវិធីឱ្យបានច្បាស់លាស់សិន មុននឹងឈានដល់ការពិនិត្យសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត និងការអនុគ្រោះនានា៕







