ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវវិធានការមុតស្រួចថ្មីៗមួយចំនួន ដែលចូលរួមកាត់បន្ថយ ថ្លៃចំណាយធុរកិច្ចរបស់អ្នកវិនិយោគសរុបប្រមាណជា ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សំដៅចូលរួមធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ។
សម្តេចតេជោ បានថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ ដែលវេទិកានេះផ្ដល់ឱកាសដល់ផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្របដើម្បីដោះស្រាយនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ នេះថា វិធានការទាំង នោះ រួមមាន៖
-->
ក. ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយធុរកិច្ច
១- ការបញ្ចប់តួនាទីអចិន្ត្រៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះក្នុងការត្រួតពិនិត្យទំនិញនៅតាមច្រកទ្វារអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងទីកន្លែងត្រួតពិនិត្យ ទំនិញ នាំចេញ-នាំចូល ផ្សេងទៀត។
២- ការលុបចោលភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប។
៣- ដូចបានកំណត់ ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ យើងបានចាប់ផ្តើមបញ្ចុះតម្លៃអគ្គិសនីជំហានដំបូងចំនួន២សេនក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ចាប់ពីឆ្នាំ២០១៩នេះតទៅ និងសិក្សាលទ្ធភាពបញ្ចុះថ្លៃជាបន្តបន្ទាប់ទៀត។
កន្លងទៅនេះយើងក៏មានការសោកស្តាយចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់ថាមពលតាមបរិមាណ និងគុណភាពមិនគ្រប់គ្រាន់ដោយកត្តាអាកាសធាតុមិនអំណោយផល ធ្វើឱ្យថាមពលដែលមានប្រភពពីវារីអគ្គិសនីផលិតក្រោមកម្រិតធម្មតា។ នៅឆ្នាំខាងមុខយើងនឹងបន្ថែមការផ្គត់ផ្គង់ក្នុងបរិមាណប្រមាណ ៥០០ម៉េហ្គាវ៉ាត់ ពីប្រភពនានារួមទាំងថាមពលពន្លឺព្រះអាទិត្យ។
៤- ការកាត់បន្ថយ ចំនួនថ្ងៃឈប់សម្រាកបុណ្យ និងទិវាពី ២៨ថ្ងៃ មក ២១ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០តទៅ។៥- ការបញ្ចុះថ្លៃសេវាលើកដាក់កុងតឺន័រនៅចំណត និងការមិនតម្រូវឱ្យស្កែនកុងតឺន័ររបស់ក្រុមហ៊ុនដែលមានអនុលោមភាពល្អ (Best trader)។
ខ. ក្របខណ្ឌច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា
ការបញ្ចប់សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ឱ្យបានរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០១៩នេះ ដែលច្បាប់ថ្មីទាំងពីរនេះមានគោលបំណងបង្កើនទំនើបកម្ម និងផលិតកម្មនៃឧស្សាហកម្មក្នុងស្រុក ពង្រឹងការតភ្ជាប់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកល មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសេដ្ឋកិច្ចនិងសង្គម។
ជាពិសេស ច្បាប់ថ្មីស្ដីពីវិនិយោគនេះ នឹងផ្ដល់ការលើកទឹកចិត្តបន្ថែមចំពោះ បណ្ដាសកម្មភាពមួយចំនួនលើសពីច្បាប់ចាស់ដូចជា សកម្មភាព ដែលគាំទ្រដល់ការផលិតជំនួសការនាំចូល និងការចំណាយទៅលើសុខុមាលភាពរបស់កម្មករ និយោជិត ដូចដែលក្រុមហ៊ុនជប៉ុន កន្លងមកបានអនុវត្ត ប៉ុន្តែមិនទទួលបានការលើកទឹកចិត្ត។
ជាមួយគ្នានេះ កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ សម្តេចតេជោសង្ឃឹមថា ប្រទេសយើងទាំងពីរនឹងអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះឱ្យបានឆាប់រហ័សនាពេលខាងមុខ។
កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងទាក់ទាញការវិនិយោគ ព្រមទាំងគាំទ្រដល់សកម្មភាពវិនិយោគជប៉ុននៅកម្ពុជា៕