តើ​កញ្ចប់​ថវិកា​របស់រដ្ឋាភិបាល​ចំនួន​១២៤៤​លាន​ដុល្លារ​ជួយ​លើវិស័យ​អ្វី​ខ្លះ? ​ដើម្បី​សម្រាល​បញ្ហា​ពលរដ្ឋ​ចេញ​ពី​វិបត្តិ?​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍ប្រមាណ១,២៤៤ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងសភាពការណ៍ពហុវិបត្តិ។

ទឹកប្រាក់នេះ នឹងប្រើប្រាស់លើគោលដៅមួយចំនួន រួមមានការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នករត់រ៉ឺម៉កកង់បីចាប់ពីខែកញ្ញា ព្រមទាំងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលរំពឹងថានឹងបង្កើតការងារប្រមាណ ២២ម៉ឺនកន្លែង។

កម្មវិធីនេះមានវិធានការសរុបចំនួន២៧ ដែលត្រូវបានបែងចែកជាកញ្ចប់អន្តរាគមន៍ចំនួន៣ ដោយផ្តោតលើការរក្សា លំនឹងជីវភាពនិងការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញភ្ជាប់នឹងមុខរបរ និងការគ្រប់គ្រងអន្តរកាលថាមពល។

កម្មវិធីត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍ ក្នុងពិធីមួយនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមតំណាងសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កម្មវិធីនេះមិនមែនជាការផ្តល់ជំនួយបណ្តោះអាសន្នតែមួយមុខនោះទេ ប៉ុន្តែមានគោលដៅជួយប្រជាជន និងអាជីវកម្មឆ្លងកាត់វិបត្តិ ស្តារសមត្ថភាពឡើងវិញ និងពង្រឹងភាពធន់សម្រាប់ទប់ទល់នឹងវិបត្តិ ដែលអាចកើតឡើងនាពេលអនាគត។

លោកបញ្ជាក់ថា “កម្មវិធីអន្តរាគមន៍នេះ ត្រូវបានរៀបចំឡើងដោយមិនកម្រិតត្រឹមតែ ជាការផ្តល់ជំនួយបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជួយឱ្យឆ្លងកាត់ និងរួចផុតពីវិបត្តិ និងការជួយពង្រឹងសមត្ថភាពងើបឡើងវិញ និងមានភាពធន់”។

កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦រំពឹងថាថយមកត្រឹម៤,១%

ការដាក់ចេញកម្មវិធីនេះ ធ្វើឡើងខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៦ នឹងថមថយមកត្រឹមប្រមាណ៤,១ភាគរយ បន្ទាប់ពីសម្រេចបានកំណើន៥,៣ភាគរយក្នុងឆ្នាំ២០២៥។

លោកអូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការព្យាករចុងក្រោយនេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់អវិជ្ជមាន នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នកើនឡើង បង្កើនសម្ពាធអតិផរណា និងប៉ះពាល់ដល់វិស័យ ដែលពឹងផ្អែកខ្លាំងលើថាមពល ដូចជាកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍។

ក្រៅពីវិបត្តិនៅមជ្ឈិមបូព៌ា កម្ពុជាក៏កំពុងប្រឈមនឹងការប្រែប្រួលនៃរបបពាណិជ្ជកម្មសកល បញ្ហាព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់នៃយុទ្ធនាការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

លោកបានបញ្ជាក់ថា ក្រសួងនឹងបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចជាតិបន្ថែមទៀត ព្រោះពហុវិបត្តិទាំងនេះ នៅតែមានការវិវឌ្ឍរហ័ស និងបង្កភាពមិនប្រាកដប្រជាខ្ពស់ ទាំងក្នុងរយៈពេលខ្លី និងមធ្យម។

តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Milan Thomas បានឱ្យដឹងថា ការស្ទង់មតិរបស់ADB កាលពីខែមិថុនាបង្ហាញថា អ្នកឆ្លើយតបប្រមាណ៦០ភាគរយ កំពុងជួបការលំបាកដោយសារវិបត្តិតម្លៃប្រេង ក្នុងនោះកសិកររងបន្ទុកធ្ងន់ជាងគេ។

លោកThomas បានឲ្យដឹងថា គ្រួសារនៅជនបទមួយចំនួនត្រូវកាត់បន្ថយការប្រើប្រាស់ និងលក់ទ្រព្យសម្បត្តិ ខណៈតម្លៃលក់រាយប្រេងឥន្ធនៈបានកើនប្រមាណ២០ភាគរយ ធៀបនឹងមុនពេលជម្លោះផ្ទុះឡើង។

លោកបានបញ្ជាក់ថា “បើគ្មានការបន្ធូរបន្ថយពន្ធប្រេងឥន្ធនៈ ជាបណ្តោះអាសន្នរបស់រាជរដ្ឋាភិបាលទេ តម្លៃអាចនឹងកើនដល់ប្រមាណ ៤០ភាគរយ”។

ឧបត្ថម្ភសាច់ប្រាក់ចំនួន៤លើក

កញ្ចប់អន្តរាគមន៍ទី១ ផ្តោតលើការរក្សាលំនឹងជីវភាព ភ្ជាប់នឹងការបង្កើតការងារ ដោយកំណត់ក្រុមគោលដៅជាប្រជាជនក្រីក្រ គ្រួសារងាយរងហានិភ័យ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងក្នុងនិងក្រៅប្រព័ន្ធ។

ក្នុងកញ្ចប់នេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ ឧបត្ថម្ភចំនួន៤លើក ដោយបើកផ្តល់មួយខែម្តង ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ដែលរងផលប៉ះពាល់ពីសម្ពាធតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។

ការផ្តល់ប្រាក់លើកដំបូង នឹងធ្វើឡើងក្នុងខែកញ្ញា ខណៈនីតិវិធីអនុវត្ត និងព័ត៌មានលម្អិត នឹងត្រូវប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ។

លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កម្មវិធីនេះគឺជាការរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការបន្ធូរបន្ទុកជីវភាពរបស់ប្រជាជនក្រីក្រ ខណៈដែលអត្រាអតិផរណា បានកើនខ្ពស់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។

កម្មវិធីនេះមានលក្ខណៈប្រហាក់ប្រហែល នឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនៅឆ្នាំ២០២២ និង២០២៣ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា។

រាជរដ្ឋាភិបាលក៏នឹងដាក់ចេញ វិធានការសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករទេសន្តរប្រវេសន៍ ដែលបានវិលត្រឡប់ពីប្រទេសថៃ និងប្រជាជនភៀសសឹកដោយសារជម្លោះព្រំដែន។

លោក Faya Hayati ប្រធានគ្រប់គ្រងប្រទេសស្តីទីរបស់ធនា​គារពិភពលោក បានលើកឡើងថា ពលករទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មកវិញជាច្រើន បានបាត់បង់ប្រភពចំណូល ប៉ុន្តែនៅតែមានបំណុលទាំងក្នុង និងក្រៅប្រព័ន្ធ ស្របពេលតម្លៃទំនិញចាំបាច់សម្រាប់គ្រួសារកើនឡើង។

យោងតាមការធ្វើសមូហកម្ម របស់ធនាគារពិភពលោកបានបង្ហាញថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ៦០ភាគរយ អាចនឹងរុញប្រជាជនកម្ពុជាប្រមាណមួយលាននាក់ ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ ប្រសិនបើគ្មានវិធានការអន្តរាគមន៍។

រដ្ឋលះបង់ចំណូលជាង$៥០លានក្នុងមួយខែ

រាជរដ្ឋាភិបាល នឹងបន្តវិធានការបន្ធូរបន្ថយពន្ធ លើផលិតផលប្រេងឥន្ធនៈរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីកាត់បន្ថយសម្ពាធលើថ្លៃដឹកជញ្ជូន ផលិតកម្ម និងទំនិញប្រើប្រាស់ទូទៅ។

វិធានការទាំងនេះរួមមាន ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត ការបញ្ចុះអាករពិសេសនិងអាករលើតម្លៃបន្ថែមលើប្រេងឥន្ធនៈ ព្រមទាំងការចាត់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែមទាំងស្រុង ចំពោះការផ្គត់ផ្គង់ឧស្ម័ន LPG។

វិធានការទាំងនេះ ត្រូវបានចាប់ផ្តើមអនុវត្តន៍ ជាដំណាក់កាលចាប់តាំងពីពាក់កណ្តាលខែមីនា នៅពេលតម្លៃប្រេងបានហក់ឡើងខ្ពស់។ ជារួម រាជរដ្ឋាភិបាលត្រូវលះបង់ ចំណូលសារពើពន្ធជាង៥០លានដុល្លារក្នុងមួយខែ។

លោកអូន ព័ន្ធមុនីរ័ត្ន បានពន្យល់ថា ការសម្រេចបន្តវិធានការនេះ ត្រូវបានថ្លឹងថ្លែង រវាងតម្រូវការកាត់បន្ថយអតិផរណា ឱ្យបានរហ័ស និងការបាត់បង់ចំណូលពន្ធរបស់រដ្ឋ។

លោកបានថ្លែងថា ការហក់ឡើងខ្លាំង នៃតម្លៃប្រេងនឹងធ្វើឱ្យថ្លៃដឹកជញ្ជូន ថ្លៃដើមផលិតកម្ម និងតម្លៃទំនិញប្រើប្រាស់កើនឡើងយ៉ាងលឿន ដែលនឹងបង្កសម្ពាធធ្ងន់ធ្ងរ លើគ្រួសារចំណូលទាប និងមធ្យម អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ហេដ្ឋារចនាសម្ព័ន្ធបង្កើតការងារ២២ម៉ឺនកន្លែង

វិធានការលេចធ្លោមួយទៀត គឺកម្មវិធីសាងសង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយមានការចូលរួមពីសហគមន៍ ដែលគ្របដណ្តប់លើសាលារៀន ផ្លូវជនបទ និងប្រព័ន្ធធារាសាស្ត្រ។

រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីនេះអាចបង្កើតការងារប្រមាណ ២២ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍។ ក្រៅពីផ្តល់ចំណូលរយៈពេលខ្លី កម្មវិធីនេះត្រូវបានរំពឹងថា នឹងលើកកម្ពស់ផលិតភាពកសិកម្ម ពង្រឹងវិស័យអប់រំ និងផ្តល់ជំនាញដែលអាចជួយប្រជាពលរដ្ឋបង្កើតមុខរបរ ឬរកប្រភពចំណូលបន្ថែម។

កម្មវិធីនេះទទួលការគាំទ្រហិរញ្ញប្បទាន ពីធនាគារពិភពលោក។ ស្ថាប័ននេះ បានបើកដំណើរការយន្តការឆ្លើយតប គ្រាអាសន្ននៅក្រោមគម្រោងចំនួន៥ ដែលមានស្រាប់ ដោយមានទំហំហិរញ្ញប្បទានរួមចំនួន៥៥លានដុល្លារ។

តាមរយៈគម្រោងកែលម្អការអប់រំទូទៅ ការសាងសង់ និងជួសជុលថ្នាក់រៀននៅវិទ្យាល័យប្រមាណ ២០០កន្លែងនឹងបង្កើតការងាររយៈពេលខ្លីប្រមាណ៦ពាន់កន្លែង។

គម្រោងឧត្តមសិក្សាដំណាក់កាលទី២ នឹងជួយឱ្យសាកលវិទ្យាល័យនៅតាមខេត្ត បើកវគ្គបណ្តុះបណ្តាលខ្លីពី៦ ដល់១២សប្តាហ៍ ជូនពលករវិលត្រឡប់ យុវជនមានជំនាញទាប និងអ្នកធ្វើការក្រៅប្រព័ន្ធប្រមាណ១៩,០០០នាក់។

លោក Hayati បានថ្លែងថា ការសាកល្បងពិតប្រាកដ គឺថាតើធនធាន អាចហូរឆ្លងកាត់ប្រព័ន្ធរដ្ឋបានលឿន និងទៅដល់សហគមន៍ សាលារៀន គម្រោងហេដ្ឋារចនាសម្ព័ន្ធ ពលករ និងគ្រួសារដែរឬទេ ហើយថាតើការបណ្តុះបណ្តាល នាំទៅរកការងារពិតប្រាកដដែរឬទេ។

បណ្តុះជំនាញភ្ជាប់ទៅនឹងទីផ្សារការងារ

កញ្ចប់អន្តរាគមន៍ទី២ ផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយភ្ជាប់ការបណ្តុះបណ្តាល ទៅនឹងការបង្កើតមុខរបរ ការផ្តល់ហិរញ្ញប្បទាន និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។

កម្មវិធីដែលមានស្រាប់ ដូចជាកម្មវិធី “ជំនាញខ្ញុំ ការងារខ្ញុំ” និងកម្មវិធីគាំទ្រយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងត្រូវពង្រីកទៅដល់ ពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់ និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សាកលវិទ្យាល័យ ដែលទទួលការគាំទ្រ ពីគម្រោងកែលម្អការអប់រំកម្រិតឧត្តមសិក្សា ក៏នឹងផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ខណៈសេវាផ្គូផ្គងការងារ និងជួយស្វែងរកការងារ នឹងត្រូវពង្រីកទៅដល់ពលករវិលត្រឡប់ គ្រួសារក្រីក្រ យុវជនជំនាញទាប និងកម្មករក្រៅប្រព័ន្ធ។

វិស័យគោលដៅរួមមាន កសិកម្ម សំណង់ សេវាកម្ម និងសហគ្រាសធុនតូចនិងមធ្យម។

រាជរដ្ឋាភិបាលក៏គ្រោងដាក់ចេញយន្តការ ផ្តល់ហិរញ្ញប្បទាន លើកកម្ពស់ផលិតភាព និងពង្រឹងស្តង់ដារគុណភាពផលិតផល ដើម្បីគាំទ្រធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

វិធានការសម្រាប់ស្តារវិស័យទេសចរណ៍ ក៏ត្រូវបានបញ្ចូលក្នុងកញ្ចប់ទី១ ខណៈកញ្ចប់វិធានការរួម សម្រាប់ជំរុញវិស័យទេសចរណ៍ និងអាកាសចរណ៍ឆ្នាំ២០២៦-២០២៨ កំពុងត្រូវបានរៀបចំ និងរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបជាមួយនិស្សិតនៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសតេជោសែន ក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែកុម្ភៈ។

សាកល្បងបំប្លែងរ៉ឺម៉កកង់បីជាង៦ម៉ឺនគ្រឿង

កញ្ចប់អន្តរាគមន៍ទី៣ ផ្តោតលើការគ្រប់គ្រងអន្តរកាល និងការបំប្លែងថាមពល ដើម្បីជំរុញការប្រើប្រាស់អគ្គិសនី និងថាមពលស្អាត កាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងពង្រឹងសន្តិសុខថាមពលរបស់ប្រទេស។

រាជរដ្ឋាភិបាលបានបញ្ចុះអត្រាពន្ធ នាំចូលលើទំនិញមួយចំនួន ដូចជា ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី ចង្កៀងសូឡា ចង្ក្រានកម្តៅអគ្គិសនី និងយានយន្តប្រភេទ HEV, PHEV និងEV។

រាជរដ្ឋាភិបាល ក៏កំពុងសិក្សាយន្តការឧបត្ថម្ភធន និងឥណទានសម្បទាន ដើម្បីជួយបំប្លែងរ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈឬឧស្ម័ន ទៅជាការប្រើប្រាស់ថាមពលអគ្គិសនី។

ការអនុវត្តសាកល្បង នឹងចាប់ផ្តើមលើរ៉ឺម៉កកង់បីជាង ៦ម៉ឺនគ្រឿងនៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅតាមបណ្តាខេត្ត។

កញ្ចប់នេះក៏រួមមាន ការរៀបចំផែនការគ្រប់គ្រង ការផ្គត់ផ្គង់ប្រេងក្នុងករណីមានអាសន្ន ការអភិវឌ្ឍប្រព័ន្ធ QR Code សម្រាប់គ្រប់គ្រងកូតាប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន និងការពង្រឹងស្តុកបម្រុងយុទ្ធសាស្ត្រឱ្យស្របតាមស្តង់ដារអន្តរជាតិ។

រ៉ឺម៉កកង់បីឥណ្ឌាធ្វើដំណើរលើមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។ រូបថត សហការី

ហិរញ្ញប្បទានពីប្រភពចំនួន៥

លោកផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា តម្រូវការហិរញ្ញប្បទានប្រមាណ១,២៤៤ ពាន់លានដុល្លារ នឹងត្រូវបំពេញតាមប្រភពចំនួន៥។

ប្រភពទាំងនេះរួមមាន ថវិកាជាតិ ថវិការបស់ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ការចំណាយសារពើពន្ធ ថវិកាបដិភាគគម្រោងរបស់ដៃគូអភិវឌ្ឍន៍ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។

ADB កំពុងគាំទ្រកម្មវិធីនេះ តាមរយៈកម្មវិធីអន្តរាគមន៍រហ័សសម្រាប់ស្ថិរភាពសេដ្ឋកិច្ច ឬRISE ដែលមានទំហំប្រមាណ២០ភាគរយនៃកញ្ចប់សរុប។

លោក Thomas បានឱ្យដឹងថា ADB ប្រើប្រាស់មូលនិធិគាំទ្របដិកម្មវដ្តសេដ្ឋកិច្ច ដែលជាយន្តការពិសេសមួយកម្ពុជា ធ្លាប់ប្រើក្នុងអំឡុងវិបត្តិកូវីដ-១៩។

លោកបន្តថា “កម្ពុជាគឺជាប្រទេសដំបូង ដែលទទួលបានការគាំទ្រពីយន្តការនេះ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ នៃជម្លោះនៅមជ្ឈិមបូព៌ាក្នុងឆ្នាំនេះ”។

ដៃគូដែលចូលរួមគាំទ្រកម្មវិធីនេះ ក៏មានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ធនាគារវិនិយោគអឺរ៉ុប ធនាគារពិភពលោក និងកម្មវិធីCAPRED របស់រដ្ឋាភិបា​លអូស្ត្រាលី។

ស្ថាប័នរដ្ឋត្រូវបង្ហាញលទ្ធផលជាក់ស្តែង

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានណែនាំឱ្យក្រសួងនិងស្ថាប័ន ដែលទទួលបន្ទុកវិធានការនីមួយៗ កំណត់អង្គភាពនិងអ្នកទទួលខុសត្រូវឱ្យបានច្បាស់លាស់ រៀបចំកាលវិភាគអនុវត្ត និងធានាថាការងារត្រូវបានធ្វើឡើងរហ័ស ប្រកបដោយគុណភាពនិងតម្លាភាព។

លោកបានព្រមានថា “ការពន្យារពេល អាចធ្វើឱ្យប្រជាជនដែលកំពុងរងផលប៉ះពាល់ បាត់បង់ឱកាសទទួលបានជំនួយចាំបាច់”។

លោកថ្លែងថា “ភាពជោគជ័យរបស់កម្មវិធី មិនគួរត្រូវវាស់ដោយចំនួនថវិកាដែលបានចំណាយនោះទេ ប៉ុន្តែត្រូវវាស់ដោយផលប្រយោជន៍ជាក់ស្តែង ដែលក្រុមគោលដៅទទួលបាន និងផលវិជ្ជមានលើសង្គមនិងសេដ្ឋកិច្ចទាំងមូល”។

លោកថ្លែងបន្តទៀតថា យើងត្រូវប្រែក្លាយកម្មវិធីអន្តរាគមន៍នេះពីកម្មវិធីនៅលើក្រដាស ទៅជាការអនុវត្តដែលប្រជាជនអាចមើលឃើញ និងទទួលបានផលប្រយោជន៍ជាក់ស្តែង។

ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដោយមានសូចនាករ ដែលអាចវាស់វែងបាន និងផ្តល់របាយការណ៍វឌ្ឍនភាពតាមកាលកំណត់។ វិធានការក៏អាចត្រូវបានកែសម្រួលតាមការចាំបាច់ អាស្រ័យលើការវិវឌ្ឍនៃស្ថានភាពពហុវិបត្តិ។

លោក Hayati បានថ្លែងថា ការរចនាកម្មវិធីត្រូវបានបញ្ចប់ និងកញ្ចប់ត្រូវបានប្រកាសហើយ ដូច្នេះដំណាក់កាលបន្ទាប់គឺការអនុវត្តឱ្យចេញជាលទ្ធផល។

លោកបញ្ជាក់ថា “សក្តានុពលរបស់កម្មវិធីនេះ នឹងត្រូវបានវាស់វែង មិនមែនតាមរយៈកញ្ចប់ ដែលបានប្រកាសនៅថ្ងៃនេះទេ ប៉ុន្តែតាមរយៈភាពខុសគ្នា ដែលវាបង្កើតឡើងក្នុងជីវិតរបស់ប្រជាជន”៕


ចែករំលែក