រដ្ឋបាល​ខេត្តព្រះសីហនុ​ដល់​ប្រជាពលរដ្ឋ​ និង​អាជីវករ​ចូលរួម​កម្មវិធី​ទីក្រុងស្អាត​ និង​ផាសុខភាព​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមសហការអនុវត្តគោលកា​រណ៍3Rs ដើម្បីទីក្រុងស្អាត និងមានផាសុកភាព។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូ ចុះអង្កេត និងពិនិត្យមើលស្ថានភាពជាក់ស្តែង នៅទីលានទុកដាក់សំរាមអូរតាសេក។

ការអញ្ជើញចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពទូទៅ ផ្តល់យោបល់កែលម្អ និងតាមដានវឌ្ឍនភាពនៃការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ឱ្យស្របតាមស្តង់ដារបច្ចេកទេស។

សកម្មភាពនេះ គឺជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមស្មារតីនៃ អនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដែលបានកំណត់គោលដៅក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម ការអភិវឌ្ឍទីប្រជុំជន ប្រកបដោយសោភណភាព ចីរភាព និងសុខុមាលភាព។

ទន្ទឹមនឹងការចុះពិនិត្យនេះ រដ្ឋបាលខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយទំនើបៗ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបនឹងកំណើនកាកសំណល់ប្រចាំថ្ងៃ ជាក់ស្តែងក្នុងថ្ងៃដដែលនេះ រដ្ឋបាលខេត្តក៏បានជួបពិភាក្សា ជាមួយក្រុមហ៊ុនអន្តរជាតិ (MIZUDA Group) លើគម្រោងអភិវឌ្ឍន៍ការកែច្នៃសំរាមបំប្លែងជាថាមពលអគ្គិសនីផងដែរ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមសហការអនុវត្តគោលការណ៍ 3Rs (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) ដើម្បីទីក្រុងយើងកាន់តែមានភាពស្អាត និងមានផាសុកភាព៕


ចែករំលែក