មន្រ្តី​ជាន់ខ្ពស់​លើក​ឡើង​នូវ​គោលការណ៍​គ្រឹះ​ចំនួន៣ ​សម្រាប់​បង្កើត​បរិយាកាស​វិនិយោគ​ប្រកប​ដោយចីរភាព​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាកូលាំងយូ ២០២៦”(2026 Gulangyu Forum) ស្ដីពី “កិច្ចពិភាក្សាតុមូលរបស់ថ្នាក់ដឹកនាំធុរកិច្ចពិភពលោកសម្រាប់ការវិនិយោគសកល” ដែលបានរៀបចំឡើងនៅក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសុន្ទរកថាគន្លឹះប្រកបដោយខ្លឹមសារស៊ីជម្រៅ លោកឧបនា​យករដ្ឋមន្ត្រី បានលើកឡើងអំពីប្រធានបទ ដ៏មានសារៈសំខាន់សម្រាប់ពិភពធុរកិច្ចបច្ចុប្បន្ន គឺ “ការបង្ការ និងការគ្រប់គ្រងហានិភ័យមិនមែនពាណិជ្ជកម្ម” ក្នុងបរិបទដែលសហគ្រាសនានា កំពុងពង្រីកប្រតិបត្តិការលើឆាកអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលដែលការវិនិយោគ ឬអាជីវកម្មដើរចូលទៅកាន់ទីផ្សារសកល វិនិយោគិន ធុរជន ឬអាជីវករមិនត្រឹមតែប្រឈមមុខ នឹងហានិភ័យហិរញ្ញវត្ថុនៅលើតារាងតុល្យការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមនឹងបញ្ហាប្រឈមខាងក្រៅជាច្រើនដូចជា តានតឹងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរបទប្បញ្ញត្តិប្លែកៗ ប្រព័ន្ធច្បាប់ចម្រុះ ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងគម្លាតនៃការយល់ដឹងរវាងវិនិយោគិន រដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។

ចូលរួមឆ្លើយតបនឹងបញ្ហានេះ លោកបានលើកយកសុភាសិតចិនដ៏មានអត្ថន័យមួយមកបញ្ជាក់គៗ “未雨绸缪” ដែលមានន័យថា  “ត្រៀមលក្ខណៈមុនពេលភ្លៀងធ្លាក់” ពោលគឺការយល់ដឹងពីទីផ្សារ ការជ្រើសរើសដៃគូត្រូវ គោរពច្បាប់ និងវប្បធម៌ក្នុងស្រុក ព្រមទាំងកសាងទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងសហគមន៍ម្ចាស់ផ្ទះ។

ចេញពីបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានស្នើឡើងនូវគោលការណ៍គ្រឹះចំនួន៣ សម្រាប់បង្កើតបរិយា​កាសវិនិយោគប្រកបដោយចីរភាព រួមមានទី១. ការព្យាករណ៍បាន (Predictability)៖ វិនិយោគិនត្រូវការច្បាប់ទម្លាប់ ដែលច្បាស់លា​ស់ រាជរដ្ឋាភិបាលមានភារកិច្ចផ្តល់ជូន នូវច្បាប់ប្រកបដោយតម្លាភាព គោលនយោបាយមានស្ថិរភាព និងគ្រឹះស្ថានស្ថាប័នដែលអាចពឹងផ្អែកបាន។

លោកបានសង្កត់ធ្ងន់ថា សម្រាប់ស្ថាប័ន ក.អ.ក. ភារកិច្ចមិនមែនបញ្ចប់ត្រឹមតែការអនុម័តគម្រោងនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមនៃការទទួលខុសត្រូវក្នុងការ អមដំណើរវិនិយោគិនពីដំណាក់កាលអនុវត្ត ប្រតិបត្តិការ រហូតដល់ការពង្រីកខ្លួន។ កម្ពុជាបានបង្កើតយន្តការសន្ទនាផ្ទាល់ជាទៀងទាត់ រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទានារវាងរដ្ឋនិងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង និងគំនិតផ្តួចផ្តើមថ្មីចុងក្រោយបំផុតគឺ កម្មវិធី Open Day with DPM ដើម្បីដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនបានទាន់ពេលវេលា។

ទី២. ភាពជាដៃគូ (Partnership)៖ ការវិនិយោគនៅបរទេសដែលជោគជ័យ មិនអាចផ្អែកលើតែដើមទុននោះទេ ប៉ុន្តែទាមទារនូវ “ទំនុកចិត្ត”។ ក្រុមហ៊ុនដែលទៅវិនិយោគបរទេស គួរសម្លឹងមើលខ្លួនឯងជា “ដៃគូអភិវឌ្ឍន៍” របស់ប្រទេសម្ចាស់ផ្ទះ តាមរយៈការបង្កើតការងារ អភិវឌ្ឍសមត្ថភាពក្នុងស្រុក ផ្ទេរបច្ចេកវិទ្យា ថែរក្សាបរិស្ថាន និងគោរពវប្បធម៌មូលដ្ឋាន។ ឯកឧត្តមបានលើកឡើងថា កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការវិនិយោគរបស់ចិនលើវិស័យកម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យា ដោយសារគម្រោងទាំងនោះត្រូវបានកសាងឡើង នៅលើមូលដ្ឋាននៃផលប្រយោ​ជន៍ និងការគោរពគ្នាទៅវិញទៅមក។

ទី៣. ការធ្វើពិពិធកម្ម និងការតភ្ជាប់ (Diversification and Connectivity)៖ នៅក្នុងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ភាពធន់កើតចេញពីការមានជម្រើសច្រើន។ ការធ្វើពិពិធកម្មទីផ្សារ អ្នកផ្គត់ផ្គង់ ទីតាំងផលិតកម្ម ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គឺជាកត្តាចាំបាច់។ កម្ពុជាបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន អាស៊ាន និងដៃគូទូទាំងពិភពលោក ដោយមិនតម្រូវឱ្យមានការជ្រើសរើសរវាងដៃគូណាមួយឡើយ ព្រោះការតភ្ជាប់កាន់តែច្រើន នាំមកនូវឱកាសកាន់តែច្រើន និងកាត់បន្ថយហានិភ័យ។

លោកឧបនាយករដ្ឋមន្ត្រី បានផ្ញើសារយ៉ាងសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនចិន និងវិនិយោគិនអន្តរជាតិថា “សូមអញ្ជើញមកជជែកពិភាក្សាជាមួយកម្ពុជា មុនពេលវិនិយោគ ជជែកអំឡុងពេលវិនិយោគ និងបន្តជជែកបន្ទាប់ពីបានវិនិយោគរួច”។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការស្ដាប់ ក៏ដូចជាជួយគ្រប់គ្រងហានិភ័យ និងធ្វើការជាមួយគ្នាជាដៃគូរយៈពេលវែង ពីព្រោះនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ ការការពារដ៏ល្អបំផុតទល់នឹងភាពមិនប្រាកដប្រជា គឺ “ទំនុកចិត្ត” ដែលត្រូវបានកសាងឡើងតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូពិតប្រាកដ៕


ចែករំលែក