ដោយៈ ចំណាន
ព្រះសីហនុៈ ទិន្នន័យបានបង្ហាញថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដល់គម្រោងសរុប៥០០គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន៨,៤៧ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង៦ម៉ឺនកន្លែង ។
គម្រោងទាំង៥០០នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន២១៧ គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬគម្រោងថ្មីចំនួន ២៤៣ គម្រោងពង្រីកចំនួន២៥ និងគម្រោងមានស្រាប់ចំនួន១៥។
ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជម្រុញការវិនិយោគខេត្តព្រះសីហនុ បានថង្លែងក្នុងកិច្ចប្រជុំមួយនៅដើមសប្តាហ៍នេះ។
ក្នុងឱកាសនោះ លោកបានគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលក្រុមការងារសម្រេចបានក្នុងត្រីមាសទី៣ រួមមានជាអាទិ៍ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធCamDX ដើម្បីអាចចេញលិខិតបញ្ជាក់អត្ថប្រយោជន៍ពន្ធដារដោយស្វ័យប្រវត្តិ, ការរៀបចំនីតិវិធីនៃការផ្តល់ការលើកទឹកចិត្តផ្នែកគយ ការសិក្សាពីការសម្រួលនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណហាងលក់ទំនិញរួចពន្ធ (Duty Free) នៅតំបន់កោះរ៉ុង ការសម្របសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងដែលមានទំនាស់ព្រំដី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង) ជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ព្រមទាំងការគាំទ្រដល់គម្រោងវិថីថ្មើរជើងតេជោ ដោយមានការចូលរួមយ៉ាងសកម្ម និងការគាំទ្រពេញទំហឹង ពីក្រុមការងារ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ៕







