ដោយៈ ចំណាន
ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងសុន្ទរកថាគន្លឹះក្នុង សន្និសីទអនាគតនៃការវិនិយោគ ឆ្នាំ២០២៦ ប្រព្រឹត្តទៅក្រោមប្រធានបទ “ការវិនិយោគសកលសម្រាប់ពិភពលោក ដែលកំពុងផ្លាស់ប្តូរ”និងផ្តល់កិច្ចសម្ភាសន៍ពិសេសជូនបណ្តាញព័ត៌មាន។
វេទិកាលំដាប់ពិភពលោកនេះ បានប្រារពធ្វើនៅក្នុងទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងសុន្ទរកថាគន្លឹះ ប្រកបដោយចក្ខុវិស័យមុតស្រួច លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវទស្សនទានយុទ្ធសាស្ត្រ ដ៏ស៊ីជម្រៅ អំពីការប្រែប្រួលនៃបរិបទវិនិយោគសកល និងតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការបង្កើតកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។
លោកបញ្ជាក់ថា “ពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើនល្បឿននៃការអភិវឌ្ឍបៃតង”។ លោកបន្ថែមថា “ក្នុងបរិបទនេះ ការវិនិយោគ មិនត្រឹមតែសំដៅលើការស្វែងរក ផលចំណេញហិរញ្ញវត្ថុរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើវិធីសាស្ត្របង្កើតតម្លៃបន្ថែមរយៈពេលវែង ការពង្រឹងភាពធន់ ការភ្ជាប់ទំនាក់ទំនង និងការចែករំលែកវិបុលភាពរួមគ្នា”។
កម្ពុជាគឺជាគំរូជាក់ស្តែងមួយ ដែលបានផ្លាស់ប្តូរមុខមាត់នាពេលពីរទសវត្សរ៍ចុងក្រោយនេះ ទៅជាសេដ្ឋកិច្ចបើកចំហ និងមានសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយអាស៊ាន ចិន និងទីផ្សារសកល។ ក្នុងដំណើរផ្លាស់ប្តូរដ៏មានអត្ថន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគីចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបាន។ បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានរីកចម្រើនយ៉ាងទូលំទូលាយ និងលាតសន្ធឹងលើវិស័យសក្ដានុពលជាច្រើន ដូចជា ឧស្សាហកម្មកែច្នៃ កសិកម្ម ថាមពល ទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និង កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)បានដើរតួជាម៉ាស៊ីនជំរុញបន្ថែម ក្នុងការបើកច្រកទីផ្សារកាន់តែទូលំទូលាយ សម្រាប់ធុរជននៃប្រទេសទាំងពីរ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
ផ្អែកលើសុភាសិតចិនមួយឃ្លាពោលថា “ចង់មានបាន ត្រូវធ្វើផ្លូវជាមុន” លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលគាំទ្រដោយរដ្ឋាភិបាល និងវិនិយោគិនចិន មិនត្រឹមតែជាការកសាងសំណង់ផ្លូវ-ស្ពានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការភ្ជាប់កសិករទៅកាន់ទីផ្សារ ភ្ជាប់រោងចក្រទៅកាន់កំពង់ផែ និងភ្ជាប់ធុរកិច្ចទៅកាន់អតិថិជន”។
លោកបញ្ជាក់ទៀតថា “ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ មិនគួរត្រូវបានវាយតម្លៃត្រឹមតែជាទ្រព្យសកម្ម ដែលបានកសាងឡើងនោះទេ ប៉ុន្តែត្រូវវាយតម្លៃលើកាលានុវត្តភាពសេដ្ឋកិច្ច ដែលសមិទ្ធផលទាំងនោះបង្កើតបាន”។
ចំពោះការអភិវឌ្ឍទាំងនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការគាំទ្រយ៉ាងសកម្ម ពីរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍កម្ពុជា ឱ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយមោទនភាព នាពេលពីរទសវត្សរ៍កន្លងមកនេះ។
បន្ថែមពីនេះ លោកស៊ុន ចាន់ថុល បានបន្តលើកឡើងថា ក្រោមការដឹកនាំដ៏ស្វាហាប់ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្រវែងឆ្ងាយរបស់ខ្លួន គឺការប្រែក្លាយទៅជា “ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០” និងឈានទៅសម្រេចបានជា “ប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។
ដើម្បីប្រែក្លាយចក្ខុវិស័យនេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង រាជ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តទាក់ទាញលំហូរវិនិយោគ ប្រកបដោយគុណភាព និងចីរភាព លើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់។ វិស័យទាំងនោះរួមមាន ឧស្សាហកម្មកែច្នៃកម្រិតខ្ពស់ បច្ចេកវិទ្យាឌីជីថល ថាមពលស្អាត ការកែច្នៃកសិផល និងប្រព័ន្ធភស្តុភារកម្មទំនើប៕






