ទូត​ជប៉ុន​មក​ដល់​ថ្មី​បង្ហាញ​ពីឆន្ទៈ​ពង្រីក​កិច្ចសហការ​ជាមួយ​កម្ពុជា​ជាមួយ​ស្ថាប័ន​ជាច្រើន​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ishizuki Hideo ឯកអគ្គរដ្ឋ ទូតជប៉ុនកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងជា ឯកអគ្គរាជទូតថ្មីនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោក IshizukI Hideo ក្នុងឱកាសដែលឯកឧត្តមទទួលបានសេចក្តីទុកចិត្តពីរដ្ឋាភិបាលជប៉ុន ក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្វរបស់លោកអគ្គរាជទូត ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរីកចម្រើនថែមទៀតលើគ្រប់វិស័យ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបពិភាក្សា និងបានសម្តែងនូវក្តីរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។

លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការបញ្ជ្រាបទុនវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍធនធានមនុ​ស្ស និងការហូរចូលនៃទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ពីសំណា​ក់ក្រុមហ៊ុនវិនិយោគិនជប៉ុន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរ យោបល់ជុំវិញបច្ចុប្បន្នភាពនៃស្ថានភាពក្នុងតំបន់ និងទូទាំងសកលលោក ដែលកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា ដែលទាមទារឱ្យមានភាពបុរេសកម្ម និងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ (២ដងក្នុង១ឆ្នាំ) និងត្រូវបានចាត់ទុកជាវេទិកាយុទ្ធសាស្ត្រផ្លូវការក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈ​មផ្សេងៗរបស់ធុរជនជប៉ុននៅកម្ពុជាបានទាន់ពេលវេលា។

តាមរយៈជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង ក.អ.ក. និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងយន្តការសន្ទនាផ្លូវការដែលមានស្រាប់ នឹងបន្តជាប្រភពថាមពលដ៏សំខាន់ ក្នុងការទាក់ទាញទុនវិនិយោគពីប្រទេសជប៉ុនបន្ថែមទៀត ដើរទន្ទឹមគ្នានឹងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា និងប្រកបដោយបរិយាបន្ន៕


ចែករំលែក