សភាពាណិជ្ជកម្ម​អាមេរិក​គ្រោង​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ជា​មួយ​ផែន​ការ​នាំ​យក​អ្នក​ធុរកិច្ច​មក​ទស្សនកិច្ច​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា-អាម៉េរិក (American Cambodian Business Chamber – ACBC)គ្រោងនាំយកអ្នកធុរកិច្ចអាមេរិក មកវិនិយោគបន្ថែមនៅកម្ពុជា។

ព័ត៌មាននេះត្រូវនបានលើកឡើងនាឱកាស លោកបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីចាន់ សុខវាសនា ស្ថាបនិក និងប្រធានប្រតិបត្តិ នៃសភាពាណិជ្ជកម្មកម្ពុជា-អាម៉េរិក (American Cambodian Business Chamber – ACBC) និងគណៈប្រតិភូ ដែលជាតំណាងមកពីបណ្តាក្រុមហ៊ុនសហរដ្ឋអាម៉េរិក ក្នុងវិស័យកែច្នៃចំណីអាហារ ការវេចខ្ចប់ ការដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីពិនិត្យលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍ របស់គណៈប្រតិភូក្នុងការស្វែងរកឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកឡើងអំពីសក្ដានុពលនៃផលិតផលកម្ពុជា រួមមាន អង្ករ ស្វាយចន្ទី ទុរេន ម្រេចកំពត ដំឡូងមី និងកៅស៊ូ ជាដើម ដែលអាចពង្រីកការកែច្នៃ បង្កើនតម្លៃបន្ថែម និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ គណៈប្រតិភូ ACBC បានបង្ហាញឆន្ទៈក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ដោយសារកម្ពុជាមានវត្ថុធាតុដើមជាកសិផល និងផលិតផលមានគុណភាពជាច្រើន ដែលពុំទាន់បានកែច្នៃ និងបង្កើនតម្លៃបន្ថែមឱ្យអស់ពីលទ្ធភាពនៅឡើយ។

ក្នុងន័យនេះ ភាគីទាំងពីរបានពិភាក្សា អំពីការតភ្ជាប់អ្នកផលិត និងអ្នកផ្គត់ផ្គង់កម្ពុជាជាមួយអ្នកទិញ និងអ្នកចែកចាយនៅសហរដ្ឋអាម៉េរិក ព្រមទាំងការពង្រឹងការវេចខ្ចប់ ការស្តុកទុក ការដឹកជញ្ជូន និងប្រព័ន្ធភស្តុភារកម្ម ដើម្បីរក្សាគុណភាពផលិតផល និងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ACBC ក៏បានបញ្ជាក់ពីគម្រោ​ងនាំគណៈប្រតិភូធុរកិច្ចសហរដ្ឋអាម៉េរិក មកទស្សនកិច្ច និងស្វែងយល់បន្ថែមនៅកម្ពុជានាពេលខាងមុខ ដើម្បីបន្តពង្រីកកិច្ចសហប្រតិ​បត្តិការធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ៕


ចែករំលែក