ដោយៈ គង់ សូរិយា
ភ្នំពេញ៖ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ដែលកំពុងអភិវឌ្ឍ កំពុងនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ដល់វិស័យភស្តុភារកម្មនៅតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូង។
លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនR-Investment Group បានមានប្រសាសន៍ថា លើសពីកំពង់ផែក្នុងតំបន់ធម្មតា គម្រោងវិនិយោគឯកជនតម្លៃ ១,៥ពាន់លានដុល្លារអាម៉េរិកនេះ គឺជាជំហានដ៏ធំមួយក្នុងការលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងពាណិជ្ជកម្មអន្តរជាតិ។
តើអ្វីជាលក្ខណៈសំខាន់ៗនៃគម្រោង? ទុនវិនិយោគដ៏ធំ គឺផែនការមេមានច្រើនដំណាក់កាល ជាមួយទុនសរុប១,៥ ពាន់លានដុល្លារ ដែលក្នុងនោះប្រមាណ២០០លានដុល្លារ ត្រូវបានប្រើប្រាស់រួចហើយសម្រាប់ដំណាក់កាលទី១។
អត្ថប្រយោជន៍នៃកំពង់ផែទឹកជ្រៅ
ជម្រៅទឹកធម្មជាតិ១៥ម៉ែត្រ អាចទទួលនាវាដឹកទំនិញឆ្លងមហាសមុទ្ររហូតដល់១០០.០០០តោន។
សមត្ថភាពផ្ទុក និងលើកដាក់ទំនិញខ្ពស់
កំពង់ផែនេះ ត្រូវបានរចនាឱ្យអាចពង្រីកសមត្ថភាពពី ៣០០.០០០ ដល់៦០០.០០០ TEUs ក្នុងមួយឆ្នាំ។ TEU ជាឯកតាសមមូលនឹងកុងតឺន័រប្រវែង២០ហ្វីត។
ការតភ្ជាប់ដោយផ្ទាល់ទៅទីផ្សារពិភពលោក
បើកផ្លូវដឹកជញ្ជូនតាមសមុទ្រដោយផ្ទាល់ ទៅកាន់ទីផ្សារធំៗ ដោយមិនចាំបាច់ ផ្ទេរទំនិញតាមកំពង់ផែមជ្ឈមណ្ឌលក្នុងតំបន់ ដែលជួយកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូន។
ហេតុអ្វីគម្រោងនេះមានសារៈសំខាន់សម្រាប់អ្នកវិនិយោគ?
លោកបណ្ឌិតតេង រិទ្ធីបានពន្យល់ថា ដោយមានភាពស្របគ្នាជាយុទ្ធសាស្ត្រជាមួយគម្រោង ព្រែកជីកហ្វូណនតេជោ និងបណ្តាញផ្លូវល្បឿនលឿនក្នុងប្រទេស ខេត្តកំពតកំពុងឈានទៅក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI)។
ឱកាសវិនិយោគ ដែលមានសក្តានុពលកំណើនខ្ពស់ កំពុងបើកចំហក្នុងវិស័យដូចជា ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសឯកទេស និងតំបន់ពាណិជ្ជកម្មសេរី។ ឧស្សាហកម្មកែច្នៃកសិផល និងភស្តុភារកម្មខ្សែសង្វាក់ត្រជាក់ សួនឧស្សាហកម្មតាមឆ្នេរសមុទ្រ និងអចលនទ្រព្យ។ បច្ចេកវិទ្យាឆ្លាតវៃសម្រាប់វិស័យនាវាចរណ៍ និងកំពង់ផែ ស្របពេលដែលឧស្សាហកម្ម ផលិតកម្មពិភពលោកកំពុងពង្រីក និងធ្វើពិពិធកម្មទីតាំងផលិត គម្រោងវិនិយោគរាប់ពាន់លានដុល្លារដូចនៅកំពត កំពុងពង្រឹងតួនាទីកម្ពុជា ជាច្រកពាណិជ្ជកម្មដ៏សំខាន់ និងមានភាពធន់ខ្ពស់ក្នុងតំបន់អាស៊ាន៕







