ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជាកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ព្រមទាំងរដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ខ្លួន ឱ្យកាន់តែសកម្ម និងមានសុវត្ថិភាព។
តាមទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ ចំនួនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជា មានចំនួនជាង៤លាននាក់។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមជាអាជ្ញាធរអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តែងតែធ្វើដំណើរទៅចូលរួមរាល់ព្រឹត្តិការណ៍អន្តរជាតិនានា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធថ្មីៗ។
ជាក់ស្តែងកាលពីថ្ងៃទី៧-១១ ខែកញ្ញា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) ដែលរៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ផងដែរ។
លោកបន្តថា កិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) គឺជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់កម្ពុជាក្នុងការផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញអាកាសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់”។
យោងតាមលោក ចាន់សិរីវុត្ថា ក្នុងអំឡុងកិច្ចប្រជុំខាងលើ កម្ពុជាក៏បានលើកយកយុទ្ធសាស្រ្តមួយចំនួន ដើម្បីបង្ហាញទៅដល់អ្នកចូលរួមដែលមានដូចជា ការពង្រឹងឧត្តមភាពផ្នែកសុវត្ថិភាព ការទំនើបកម្មដែនអាកាស និងការតភ្ជាប់ក្នុងតំបន់ ការពង្រឹងសមាហរណកម្មអាកាសចរណ៍ប្រកបដោយចីរភាព និងការត្រៀមរួចរាល់នៃហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ ជាដើម។
លោកបានអះអាងថា “ការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទអគ្គនាយកអាកាសចរណ៍ស៊ីវិលតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ នេះ គឺជាការពង្រឹង ក៏ដូចជា ការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងចីរភាពនៃវិស័យអាកាសចរណ៍ស៊ីវិល ស្របតាមបទដ្ឋាន និងស្តង់ដាអន្តរជាតិកម្រិតខ្ពស់បំផុត”។

លោកបានបន្តថា តាមរយៈការផ្លាស់ប្តូរបទពិសោធ និងកិច្ចសហប្រតិបត្តិការដៃគូយ៉ាងជិតស្និទ្ធក្នុងតំបន់ ការពង្រឹងកិច្ចប្រតិបត្តិការផ្អែកលើលិខិតបទដ្ឋានគតិយុត្តយ៉ាងម៉ឺងម៉ាត់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ព្រះរាជាណាចក្រកម្ពុជាកំពុងបង្កើនតួនាទី និងពង្រឹងជំហររបស់ខ្លួនជាដៃគូ ប្រកបដោយទំនុកចិត្ត និងសមត្ថភាពបច្ចេកទេសខ្ពស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ស៊ីវិលអាស៊ីអាគ្នេយ៍។ វឌ្ឍនភាពដ៏សំខាន់នេះ បាននិងកំពុងគាំទ្រដោយផ្ទាល់ ដល់ការសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ច- សង្គមដ៏ទូលំទូលាយរបស់កម្ពុជា តាមរយៈការបង្កើតឱកាសការងារ ការទាក់ទាញវិនិយោគិនបរទេស និងការភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់សកលលោក។
ទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA)ឱ្យដឹងថា ភ្ញៀវជាតិ-អន្តរជាតិដែលធ្វើដំណើរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង៣ (អាកាសយានដ្ឋានអន្តរជាតិតេជោ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ) នារយៈពេល៨ខែក្នុងឆ្នាំ២០២៦ នេះមានចំនួនសរុប៤, ១៥៩,៧៥៣នាក់ ធ្លាក់ចុះ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សម្រាប់ជើងហោះហើរចេញ-ចូល គឺមានចំនួន៤២, ១៨៩ ជើង ថយចុះ១% ខណៈការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសមានចំនួន៦៦,៥៥៩តោន កើនឡើង១៧%។ ដោយឡែកចំពោះជើងហោះហើររំលង គឺមានចំនួន៦១,៦២០ជើង កើនឡើង៧%៕







