កម្ពុជា​កំពុង​ធ្វើ​ការ​ផ្តោត​សំខាន់​លើ​ការ​ពង្រីក​វិស័យ​អាកាសចរណ៍

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ កម្ពុជា​កំពុង​ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ព្រម​ទាំង​រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់​ខ្លួន ​ឱ្យ​កាន់​តែ​សកម្ម​ និង​មាន​សុវត្ថិភាព។

តាមទិន្នន័យបានបង្ហាញថា ក្នុង​រយៈ​ពេល៨ខែ​ ឆ្នាំ​២០២៦ ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​អាកាស​នៅ​កម្ពុជា ​​មានចំនួនជាង៤លាននាក់​។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃ​រដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​មានប្រសាសន៍ឲ្យដឹងថា ក្នុង​នាម​ជា​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល ថ្នាក់​ដឹក​នាំ​នៃ​រដ្ឋលេ​ខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​តែង​តែធ្វើ​ដំណើរ​ទៅ​ចូល​រួម​រាល់​ព្រឹត្តិ​ការណ៍​អន្តរជាតិ​នានា ​ដើម្បី​​ធ្វើ​ការផ្លាស់ប្តូរទស្សនៈ និង​ចែករំលែកបទពិសោធថ្មីៗ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​៧-១១ ខែ​កញ្ញា​ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏​​បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅ​ចូលរួមក្នុង​កិច្ចប្រជុំថ្នាក់អគ្គនាយកអា​កាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) ដែលរៀបចំ​នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ផងដែរ​។​

លោកបន្តថា ​កិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) គឺជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់កម្ពុជា​ក្នុងការផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ជាមួ​យថ្នាក់ដឹកនាំ និងអ្នកជំនាញអាកាសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់”។

យោង​តាម​លោក ចាន់សិរីវុត្ថា ក្នុងអំឡុង​កិច្ច​ប្រជុំ​ខាង​លើ កម្ពុជា​ក៏​បាន​លើក​យក​យុទ្ធសាស្រ្ត​មួយ​ចំនួន ​ដើម្បី​​បង្ហាញ​ទៅដល់​អ្នក​ចូល​រួម​ដែល​មាន​ដូច​ជា ការ​ពង្រឹងឧត្តមភាពផ្នែកសុវត្ថិភាព ការទំនើបកម្មដែនអាកាស និងការតភ្ជាប់ក្នុងតំបន់ ការពង្រឹងសមាហរណកម្មអាកាសចរណ៍ប្រកបដោយចីរភាព និង​ការ​ត្រៀម​រួចរាល់នៃហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ ជាដើម​។

លោក​បានអះអាង​ថា “​ការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទអគ្គនាយកអាកាសចរណ៍ស៊ីវិលតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ នេះ គឺជាការពង្រឹង​ ក៏ដូចជា ការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេរបស់កម្ពុជា ​​ក្នុងការលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងចីរភាពនៃវិស័យអាកាសចរណ៍ស៊ីវិល ស្របតាមបទដ្ឋាន និងស្តង់ដាអន្តរជាតិកម្រិតខ្ពស់បំផុត”។

លោក​បានបន្តថា ​​តាមរយៈការផ្លាស់ប្តូរបទពិសោធ និងកិច្ចសហប្រតិបត្តិការដៃគូយ៉ាងជិតស្និទ្ធក្នុងតំបន់ ការពង្រឹងកិច្ចប្រតិបត្តិការផ្អែកលើលិខិតបទដ្ឋានគតិយុត្តយ៉ាងម៉ឺងម៉ាត់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ព្រះរាជាណាចក្រកម្ពុជាកំពុងបង្កើនតួនាទី និងពង្រឹងជំហររបស់ខ្លួនជាដៃគូ ប្រកបដោយទំនុកចិត្ត និងសមត្ថភាពបច្ចេកទេសខ្ពស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ស៊ីវិលអាស៊ីអាគ្នេយ៍។ វឌ្ឍនភាពដ៏សំខាន់នេះ បាននិងកំពុងគាំទ្រដោយផ្ទាល់ ដល់ការសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ច- សង្គមដ៏ទូលំទូលាយរបស់កម្ពុជា តាមរយៈការបង្កើតឱកាស​ការងារ ការទាក់ទាញវិនិយោគិនបរទេស និងការភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់សកលលោក។

ទិន្នន័យ​របស់​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA)​ឱ្យដឹង​​ថា ភ្ញៀវ​ជាតិ-​អន្តរជាតិដែល​ធ្វើ​ដំណើរ​ តាម​រយៈ​អាកាសយានដ្ឋានអន្តរជាតិទាំង៣ (អាកាសយានដ្ឋានអន្តរជាតិតេជោ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ) នារយៈពេល​៨ខែ​ក្នុង​ឆ្នាំ​២០២៦ នេះ​មាន​ចំនួន​សរុប៤, ១៥៩,៧៥៣នាក់ ធ្លាក់​ចុះ​១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ២០២៥។ សម្រាប់​ជើងហោះហើរចេញ-ចូល គឺ​មានចំនួន៤២, ១៨៩ ជើង ថយចុះ១% ខណៈការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសមានចំនួន៦៦,៥៥៩តោន កើនឡើង១៧%។ ដោយឡែក​ចំពោះ​ជើងហោះហើររំលង គឺ​មានចំនួន៦១,៦២០ជើង កើនឡើង៧%៕


ចែករំលែក