ដោយៈ ចំណាន
ប្រទេសចិនៈ ជាព័ត៌មានល្អមួយ ដោយទំនិញដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែ Beibu Gulf របស់ប្រទេសចិន ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចធ្វើដំណើរដល់គោលដៅ ក្នុងរយៈពេល៥ថ្ងៃ ដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនបានជាងពាក់កណ្ដាល បើធៀបនឹងផ្លូវដឹកជញ្ជូនបែបប្រពៃណីឆ្លងកាត់ខេត្ត Guangdong។
ព័ត៌មាននេះត្រូវបានបង្ហាញនៅថ្ងៃទី១៦ ខែកញ្ញា ខណៈទីក្រុង Qinzhou សម្ពោធប្រតិបត្តិការដឹកជញ្ជូនតភ្ជាប់ផ្លូវទន្លេ និងសមុទ្រ ដែលពាក់ព័ន្ធ នឹងការបើកឱ្យធ្វើនាវាចរណ៍លើព្រែកជីក Pinglu។
គម្រោងដឹកជញ្ជូនដ៏ធំនេះត្រូវបានរៀបចំឡើង ដើម្បីតភ្ជាប់តំបន់ដីគោកនៅភាគនិរតី ប្រទេសចិនទៅកាន់ឈូងសមុទ្រ Beibu និងទីផ្សារអាស៊ាន។
លោក Li Chaofei អគ្គនាយកសាខាទីក្រុង Nanning នៃក្រុមហ៊ុន Shanghai New Haifeng Container Transportation Co., Ltd. បានឱ្យដឹងថា សេវាដឹកជញ្ជូនទៅកម្ពុជា កំពុងផ្ដល់នូវការតភ្ជាប់កាន់តែលឿនទៅកាន់កំពង់ផែក្រុងព្រះសីហនុ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានអាស៊ាន ក្នុងអំឡុងទស្សនកិច្ចនៅកំពង់ផែថា បច្ចុប្បន្ន ការធ្វើដំណើររបស់យើងពីកំពង់ផែឈូងសមុទ្រ Beibu ទៅកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា ប្រើពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ រយៈពេលនេះខ្លីជាង៥០% បើធៀបនឹងផ្លូវដឹកជញ្ជូនបែបប្រពៃណីឆ្លងកាត់ខេត្តGuangdong។
លោកបន្ថែមថា សេវាដឹកជញ្ជូនដែលមានរយៈពេលខ្លីនេះ បានជួយកាត់បន្ថយការចំណាយយ៉ាងច្រើន ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ ដែលអាចសន្សំបានសម្រាប់កុងតឺន័រនីមួយៗ ដែលដឹកជញ្ជូនទៅកម្ពុជានោះទេ។
ផ្លូវដឹកជញ្ជូននេះ អាចផ្ដល់ជម្រើសតភ្ជាប់ថ្មីមួយ ដល់អ្នកនាំចេញ និងនាំចូលកម្ពុជា ជាមួយតំបន់ភាគខាងត្បូង និងភាគខាងលិចប្រទេសចិន ជាពិសេសសម្រាប់ផលិតផលកសិកម្ម សម្ភារៈឧស្សាហកម្ម និងទំនិញដែលត្រូវការការដឹកជញ្ជូនរហ័ស។
ទោះយ៉ាងណា ព័ត៌មានលម្អិតមួយចំនួន ដូចជាភាពញឹកញាប់នៃការចេញដំណើរ កំពង់ផែដែលនាវាត្រូវចូលសំចត និងតម្លៃដឹកជញ្ជូនជាក់លាក់ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
លោកLi បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងដំណើរការផ្លូវដឹកជញ្ជូនកុងតឺន័រចំនួន៦ ចេញពីកំពង់ផែឈូងសមុទ្រBeibu ដែលបណ្ដាញសេវា គ្របដណ្ដប់ដល់ប្រទេសកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រ៊ុយណេ។

លោកបញ្ជាក់ថា កំពង់ផែឈូងសមុទ្រ Beibu បានទទួល និងដឹកជញ្ជូនកុងតឺន័រជាង១០លានTEU ក្នុងឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីតួនាទីកាន់តែធំរបស់កំពង់ផែ ក្នុងការធ្វើពាណិជ្ជកម្មរវាងចិន និងតំបន់អាស៊ីអាគ្នេយ៍។
TEU គឺជាឯកតាស្តង់ដារ សម្រាប់វាស់សមត្ថភាពកុងតឺន័រ ដោយ១TEU ស្មើនឹងកុងតឺន័រប្រវែង២០ហ្វីតមួយ។
លោក Li Chaofei អគ្គនាយកសាខាទីក្រុង Nanning នៃក្រុមហ៊ុន Shanghai New Haifeng Container Transportation Co., Ltd. ផ្ដល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មានអាស៊ាន នៅថ្ងៃបើកសម្ភោធកំពង់ផែQinzhou។
កំពង់ផែក៏បានដាក់ឱ្យប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងប្រតិបត្តិការលើកដាក់ទំនិញ ការដឹកជញ្ជូនក្នុងទីលានរយៈចម្ងាយខ្លី និងការផ្ទេរកុងតឺន័រពីតំបន់ស្តុកទៅកាន់រថយន្តដឹកជញ្ជូន។
លោក Li បានថ្លែងថា “ការប្រើប្រាស់AI បានបង្កើនប្រសិទ្ធភាពប្រតិបត្តិការនាវាកុងតឺន័ររបស់យើង យ៉ាងហោចណាស់ពី២០% ទៅ៣០%”។ លោកបន្ថែមថា “វាបានកាត់បន្ថយយ៉ាងច្រើននូវពេលវេលាដែលនាវាត្រូវសំចតនៅកំពង់ផែ ព្រមទាំងជួយបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនដឹកជញ្ជូន”។
លោកបន្តថា ការចំណាយសរុប រួមទាំងថ្លៃចូលចត និងប្រតិបត្តិការនៅកំពង់ផែ បានធ្លាក់ចុះប្រមាណ២០% បន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការកែលម្អប្រតិបត្តិការផ្សេងៗ។
ទោះជាយ៉ាងណា តួលេខ២០%នេះ សំដៅលើការកាត់បន្ថយការចំណាយសរុបសម្រាប់ការចូលចត និងប្រតិបត្តិការនាវា មិនមែនជាការកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញទៅកម្ពុជាជាក់លាក់នោះទេ។
ការពង្រីកសមត្ថភាពដឹកជញ្ជូនរបស់កំពង់ផែ Qinzhou ធ្វើឡើងស្របពេលនឹងការបើកព្រែកជីក Pinglu ដែលតភ្ជាប់បណ្ដាញផ្លូវទឹកក្នុងតំបន់Guangxi ទៅកាន់កំពង់ផែQinzhou នៅឈូងសមុទ្រ Beibu។
ទំនិញពីតំបន់ដីគោក និងភាគនិរតីប្រទេសចិន អាចដឹកជញ្ជូនតាមព្រែកជីកនេះទៅកាន់កំពង់ផែ Qinzhou មុនបន្តតាមសមុទ្រទៅកាន់បណ្ដាប្រទេសអាស៊ាន។
លោក Si Shenjie អនុលេខាគណៈកម្មាធិការបក្សនៃរដ្ឋបាលសុវត្ថិភាពដែនសមុទ្រQinzhou បានឱ្យដឹងថា ព្រែកជីកនេះត្រូវបានរំពឹងថា នឹងពង្រឹងសមត្ថភាពដឹកជញ្ជូន របស់ច្រកពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី និងបង្កើនចំនួននាវាពាណិជ្ជកម្មអន្តរជាតិដែលចូលចតនៅកំពង់ផែ Qinzhou។
លោកបញ្ជាក់ថា អាជ្ញាធរដែនសមុទ្រកំពុងធ្វើការ ជាមួយប្រតិបត្តិករកំពង់ផែ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសម្របសម្រួលបទប្បញ្ញត្តិ សម្រួលនីតិវិធីត្រួតពិនិត្យ និងពន្លឿនការអនុញ្ញាតឱ្យនាវាចេញចូល។
អាជ្ញាធរក៏កំពុងប្រើប្រាស់ប្រព័ន្ធ ដែនសមុទ្រឆ្លាតវៃថ្នាក់ជាតិ និងប្រព័ន្ធច្រកចេញចូលតែមួយ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីកាត់បន្ថយនីតិវិធី ខណៈនៅតែធានាសុវត្ថិភាពនាវាចរណ៍ និងទំនិញ។
រដ្ឋបាលដែនសមុទ្រក៏បានដាក់ ឱ្យប្រើប្រាស់យន្តការអនុញ្ញាតឆាប់រហ័ស សម្រាប់នាវាដឹកកុងតឺន័រ។ តាមរយៈប្រព័ន្ធនេះ នាវាដែលបំពេញលក្ខខណ្ឌ អាចចាកចេញពីកំពង់ផែបានភ្លាមៗ ក្រោយការលើកដាក់ទំនិញត្រូវបានបញ្ចប់។
លោក Si Shenjie បន្តថា រដ្ឋបាលកំពុងពង្រឹងការត្រួតពិនិត្យនាវាដឹកទំនិញគ្រោះថ្នាក់ និងកែលម្អការរៀបចំកន្លែងចូលចត ដើម្បីឆ្លើយតបទៅនឹងការកើនឡើង ដែលរំពឹងទុកនៃការដឹកជញ្ជូនតាមទន្លេ-សមុទ្រ និងពាណិជ្ជកម្មអន្តរជាតិ។

លោក Ling Guohua ប្រធាននាយកដ្ឋានប្រតិបត្តិការនៃក្រុមហ៊ុន Guangxi Beibu Gulf International Container Terminal Co., Ltd. បានឱ្យដឹងថា ក្រុមហ៊ុនបានកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពង់ផែQinzhou ដើម្បីទទួលនាវាដែលធ្វើដំណើរឆ្លងកាត់ព្រែកជីក និងធានាការលើកដាក់ទំនិញបានកាន់តែលឿន។
លោកបញ្ជាក់ថា ចំណតនាវាទឹកជ្រៅមួយ ដែលបានធ្វើទំនើបកម្ម មានជម្រៅទឹក១៥,១ម៉ែត្រ និងមានសមត្ថភាពលើកដាក់កុងតឺន័រចំនួន៧០ម៉ឺនTEU ក្នុងមួយឆ្នាំ។ ចំណតនេះ ក៏ត្រូវបានបំពាក់ដោយដងស្ទូចនៅមាត់ច្រាំងចំនួន៤ផងដែរ។
ការកែលម្អផ្សេងទៀត រួមមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទប់ការប៉ះទង្គិច សម្ភារៈការពារនាវា បង្គោលចងនាវា និងនីតិវិធីប្រតិបត្តិការ ដែលអនុញ្ញាតឱ្យនាវាចូលចត លើកដាក់ទំនិញ និងចាកចេញបានកាន់តែមានប្រសិទ្ធភាព។
លោក Ling បានថ្លែងថា កំពង់ផែបានកែលម្អទាំងហេដ្ឋារចនាសម្ព័ន្ធ និងនីតិវិធី ដើម្បីឱ្យនាវាអាចចូល និងចាកចេញបានឆាប់រហ័ស។លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានរៀបចំឡើង ដើម្បីគាំទ្រនាវា ដែលអាចធ្វើប្រតិបត្តិការទាំងនៅតាមផ្លូវទឹកក្នុងដី និងតាមសមុទ្រ។
លោកបានកំណត់ថា គ្រឿងបន្លាស់រថយន្ត រ៉ែ និងផលិតផលឧស្សាហកម្មស្រាលដែលឆ្លងកាត់ការកែច្នៃ គឺជាទំនិញសំខាន់ៗមួយចំនួនដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងកំពង់ផែ និងទីផ្សារអាស៊ាន។
កំពង់ផែQinzhou ជាច្រកសមុទ្រដ៏សំខាន់មួយ នៃច្រកពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី ដែលតភ្ជាប់តំបន់ភាគខាងលិចប្រទេ សចិនទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផ្លូវដែក ផ្លូវគោក ផ្លូវទឹកក្នុងដី និងសេវាដឹកជញ្ជូនតាមសមុទ្រ៕







