ដោយៈ ចំណាន
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ជប៉ុន បានកើនឡើងជាបន្តបន្ទាប់ ដោយក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៦ នេះមានតម្លៃជិត២ ពាន់លានដុល្លារ កើនជិត១/៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ការនាំចេញនាំចូលទំនិញរវាងប្រទេសទាំង២ ចន្លោះពីខែមករា-សីហា ឆ្នាំ២០២៦ មានទឹកប្រាក់សរុប១,៩៩ ពាន់លានដុល្លារ កើន ១៨,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមាន១,៦៧ពាន់លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំទៅជប៉ុន ១,២៧ ពាន់លានដុល្លារ កើន២២,២% ខណៈជប៉ុននាំចូលទំនិញមកវិញ៧១៧,៥៥ លានដុល្លារ កើនឡើង១៣,១%។
អ្នកសិក្សាសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានលើកឡើងថា មានកត្តាចម្បងចំនួន២ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសទាំង២កើនឡើង គឺ ១. កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលកំពុងជួយសម្រួលដល់ការបញ្ចុះអត្រាពន្ធ និងនីតិវិធីគយសម្រាប់លំហូរទំនិញទៅមករវាងប្រទេសទាំង ២ (ធ្វើឱ្យទំនិញកម្ពុជាមានឧត្តមភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារជប៉ុន) និង២. ទំនុកចិត្តរបស់វិនិយោគិនជប៉ុន ដែលចូលមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបើករោងចក្រផលិត/កែច្នៃទំនិញសម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រនានា ជាពិសេសរោងចក្រជប៉ុន។
លោកបញ្ជាក់ថា “បច្ចុប្បន្នក្រៅពីការទទួលទិញទំនិញ ពីកម្ពុជាកាន់តែច្រើន ក៏មានរោងចក្រជប៉ុនកាន់តែច្រើន បានមកបើកដំណើរការនៅកម្ពុជាផងដែរ”។ លោកបន្ថែមថា “ជប៉ុនអាចចាត់ទុកថាជាដៃគូពាណិជ្ជកម្មដ៏ល្អជាមួយកម្ពុជា”៕







