ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Citystar Group ដឹកនាំដោយ Mr. Jean-Louis Charon ស្ថាបនិក និងជាភាគទុនិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានរាយការណ៍ ពីវឌ្ឍនភាពវិនិយោគនៅកម្ពុជារយៈពេលជាង២០ឆ្នាំមកនេះ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ក.អ.ក. និងបានបញ្ជាក់ពីផែនការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យទេសចរណ៍ សណ្ឋាគារ ដោយប្តេជ្ញានាំយកដៃគូវិនិយោគ សណ្ឋាគារលំដាប់ផ្កាយ៥ និងអភិវឌ្ឍគម្រោងស្នាក់នៅកម្រិតជាន់ខ្ពស់ក្នុងរាជធានីភ្នំពេញ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តរបស់ក្រុមហ៊ុន ព្រមទាំងបានគូសបញ្ជាក់ពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសវិនិយោគអំណោយផល និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងការផ្តល់កិច្ចសម្រួល (Facilitate)និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕







