ដោយៈ ចំណាន
ភ្នំពេញៈ ការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែកញ្ញា ឆ្នាំ២០២៦ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានត្រឹមតែ៣,០%ប៉ុណ្ណោះក្នុងឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់៤,០ភាគរយ នៅឆ្នាំ២០២៧។
ការព្យាករណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថា ភាពតានតឹងនៅតាមព្រំដែន បានកាត់បន្ថយវិស័យទេសចរណ៍ផ្លូវគោក និងការផ្ញើប្រាក់ពីពលករ។
បញ្ហាធំបំផុត៖ ខេត្តជាប់ព្រំដែន ក្រុងប៉ោយប៉ែត និងតំបន់ជុំវិញនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។
គិតត្រឹមខែសីហា ឆ្នាំ២០២៦ របាយការណ៍នានាបានបង្ហាញថា រោងចក្រមួយចំនួននៅប៉ោយប៉ែត កំពុងបិទទ្វារ ឬត្រៀមនឹងបិទទ្វារ ដែលធ្វើឱ្យកម្មករប្រហែល៤.០០០នាក់ជួបប្រទះការលំបាក។
ការសិក្សាដោយប្រើគំរូព្យាករណ៍ របស់វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) នៅខែកញ្ញា ឆ្នាំ២០២៦ ក៏បានរកឃើញផងដែរថា ផលប៉ះពាល់នេះ មិនមែនមានតែលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ចលនាពលករ ការផ្ញើប្រាក់ វិស័យទេសចរណ៍ និងការវិនិយោគ ដែលសុទ្ធតែជាកត្តាបញ្ជូនផលប៉ះពាល់អវិជ្ជមាន ទៅកាន់សេដ្ឋកិច្ចទាំងមូល។
ប៉ុន្តែមានចំណុចវិជ្ជមានដ៏សំខាន់មួយ គឺកម្ពុជាកំពុងកាត់បន្ថយការពឹងផ្អែកលើប្រទេសថៃ ដោយងាកទៅរកភាពចម្រុះនៃដៃគូសេដ្ឋកិច្ច។
អ្នកស្រាវជ្រាវរបស់ISEAS បានរកឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសចិន និងវៀតណាម ខណៈដែលសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញដ៏សំខាន់របស់ខ្លួន។
ដូច្នេះ ប្រសិនបើព្រំដែននៅតែបន្តបិទក្នុងរយៈពេលយូរ អ្នកវិភាគរំពឹងថាស្ថានភាពនឹងមានការវិវត្ត លើទម្រង់មួយចំនួនដួចជា សេដ្ឋកិច្ចតំបន់ព្រំដែនថៃចុះខ្សោយ កម្ពុជាទាំងមូល នឹងមានកំណើនសេដ្ឋកិច្ចយឺត ប៉ុន្តែអាចសម្របខ្លួនបាន។
ភស្តុភារកម្មជាមួយវៀតណាម/ផ្លូវសមុទ្រ រឹងមាំជាងមុន។ តំបន់ភ្នំពេញ និងតំបន់ជុំវិញ (Greater Phnom Penh) ទំនងជាមានភាពធន់ជាងប៉ោយប៉ែត។
ក្រុងព្រះសីហនុ/ភស្តុភារកម្ម/ឃ្លាំងស្តុកទំនិញ អាចទទួលបានផលប្រយោជន៍ សម្រាប់យុទ្ធសាស្ត្រវិនិយោគអចលនទ្រព្យនៅកម្ពុជា ចំណុចនេះមានសារៈសំខាន់ណាស់ ការបិទព្រំដែនថៃក្នុងរយៈពេលយូរនឹងធ្វើឱ្យមានការកាត់បន្ថយចំណាប់អារម្មណ៍ លើអចលនទ្រព្យដែលពឹងផ្អែកលើតំបន់ព្រំដែន ហើយងាកមកចាប់អារម្មណ៍ខ្លាំងជាងមុនលើតំបន់ឧស្សាហកម្ម និងច្រករបៀងភស្តុភារកម្ម នៅជុំវិញរាជធានីភ្នំពេញ ឃ្លាំងស្តុកទំនិញ អចលនទ្រព្យដែលគាំទ្រ ដល់វិស័យផលិតកម្ម និងការតភ្ជាប់ផ្លូវដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម និងក្រុងព្រះសីហនុ៕







