ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអនុញ្ញាតជូនលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសហព័ន្ធអាល្លឺម៉ង់ប្រចាំ កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា យ៉ាងទូលំទូលាយអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់ ដោយផ្តោតលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការទាក់ទាញវិនិយោគ និងការពង្រឹងការតភ្ជាប់រវាងសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សា អំពីសារៈសំខាន់នៃកិច្ចការពារអ្នកប្រើប្រាស់ ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខ្សែច្រវាក់តម្លៃសកល ការពង្រឹងសមត្ថភាពផលិតកម្ម ការអនុលោមតាមស្តង់ដារអន្តរជាតិ និងការបង្កើនភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា ដើម្បីពង្រីកការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។
ភាគីអាល្លឺម៉ង់បានបន្តបង្ហាញការគាំទ្រ តាមរយៈកម្មវិធីជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព ដែលផ្តោតលើការពង្រឹងអ្នកផ្តល់សេវាគាំទ្រការនាំចេញ និងការលើកកម្ពស់គុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិ។
ភាគីទាំងពីរបានសម្តែងសុទិដ្ឋិនិយមថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ នឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់ប្រទេសទាំងពីរ៕







