ប្រែសម្រួលដោយ Donald Lee
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា លោកចង់បាន ទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ព្រោះថាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតបំបែកកំណត់ត្រានៅឆ្នាំនេះ។
លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបាននិយាយថា សម្ដេចនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យប្រទេសជប៉ុនផ្ញើរសារទៅសហរដ្ឋអាមេរិកថា កម្ពុជាចង់បានទំនាក់ទំនងល្អប្រសើរជាងមុន។ សំណើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Takahashi Fumiaki ។
-->
សម្តេចបានថ្លែងតាមរយៈបណ្តាញសង្គមថា “សម្តេចបានបញ្ជាក់ថាប្រទេសកម្ពុជានឹងមិនចាត់ទុកប្រទេសណាមួយជាសត្រូវទេ រួមទាំងសហរដ្ឋអាមេរិកផង ដរាបណាអាចរក្សាបានឯករាជ្យភាព និងភាពសុចរិតរបស់ខ្លួន”។
សម្ដេចតេជោហ៊ុន សែនបានបន្តថា សម្តេចស្នើឲ្យលោក Takahashi Fumiaki ជូនដំណឹងដល់សហរដ្ឋអាមេរិកថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក ហើយសម្តេចបានបដិសេធនូវទស្សនៈដែលថា ប្រទេសកម្ពុជាយកប្រទេសចិនជាជាងសហរដ្ឋអាមេរិក។ នោះគឺមិនត្រឹមត្រូវនោះទេ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក ដែលបានចេញផ្សាយថ្មីៗនេះឲ្យដឹងថា ការធ្វើពាណិជ្ជកម្មរបស់អាមេរិកជាមួយកម្ពុជា កើនឡើង ២៥ ភាគរយនៅត្រីមាសទី ១ នៃឆ្នាំ ២០១៩ ដោយបង្ហាញពីនិន្នាការថ្មីមួយ នៅក្នុងការវិនិយោគខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា និងក្នុងតំបន់ ខណៈរោងចក្រផលិតកម្មកំពុងចង់ផ្លាស់ប្តូរទីតាំងខ្លួន ពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាបាននាំចេញទំនិញតម្លៃ១,១២ ពាន់លានដុល្លារអាមេរិកទៅសហរដ្ឋអាមេរិកពីខែមករាដល់ខែមីនា។ ការនាំចេញកាលពីឆ្នាំមុនក្នុងអំឡុងពេលដូចគ្នាមានចំនួន ៩០៣,៦ លានដុល្លារ។
សម្ដេចនាយករដ្ឋមន្រ្តីក៏បានថ្លែង ទៅកាន់អ្នកយកព័ត៌មាននៅក្នុងក្រុងតូក្យូនៅសប្តាហ៍នេះផងដែរស្តីពី សង្រ្គាមពាណិជ្ជកម្ម ដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន។
សម្ដេចបានថ្លែងក្នុងន័យឆ្លើយតបទៅកាន់ចិនថា “គ្មាននរណាម្នាក់រង់ចាំការស្លាប់ដោយការដាក់ទណ្ឌកម្មនោះទេ។ អាស៊ីមិនមែនជាស្រមោចសម្រាប់ដំរីជាន់ទេ”។សម្តេចបន្ថែមថា “យើងនឹងរកមធ្យោបាយដើម្បីគេចផុតពីសង្គ្រាមពាណិជ្ជកម្ម”។
មានការពិភាក្សាជាច្រើនអំពីថា តើសង្គ្រាមពាណិជ្ជកម្មនឹងប៉ះពាល់ដល់បណ្តាប្រទេសអាស៊ាន។
ក្រុមអ្នកវិភាគនិយាយថា អាស៊ីអាគ្នេយ៍នឹងទទួលប្រយោជន៍ ពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសចិន ខណៈក្រុមហ៊ុនជាច្រើននឹងសម្លឹងមើលទៅតំបន់នេះ ដោយសារតែតម្លៃផលិតកម្មទាប និងហេដ្ឋារចនាសម្ព័ន្ធខ្សែចង្វាក់ផ្គត់ផ្គង់មានភាពប្រសើរឡើង។
ស្ថាបនិកនៃអ្នកផ្តល់ប្រាក់កម្ចីធំជាងគេលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍បាននិយាយថា សេដ្ឋកិច្ចអាស៊ាននឹងផ្តល់នូវ “សុវត្ថិភាព” សម្រាប់វិនិយោគិននិងការវិនិយោគ ខណៈដែលតំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងទទួលរងផលប៉ះពាល់ដោយការភ័យខ្លាចសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន។
លោក Wee E Che Cheong អគ្គនាយកធនាគារ United Overseas Bank Ltd (UOB) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយភ្នាក់ងារ Bloomberg ថា “អាស៊ាននឹងក្លាយជាទីសុវត្ថិភាពសម្រាប់ការវិនិយោគ ។ បង្កើតឡើងនៅឆ្នាំ ១៩៣៥ UOB គឺជាធនាគារធំជាងគេលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍៕