ដោយៈ ម៉ាណា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ការិយាល័យប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការងារ ដោយជោគជ័យនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោក Sanui Kazumasa ក៏បានណែនាំខ្លួន លោកស្រីIwama Nozomi ដែលជាសមាសភាពប្រធានតំណាងថ្មីរបស់JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
តាមរយៈជំនួបនារសៀលនេះ លោក Sanui Kazumasa បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងសហការីទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងការចូលរួមគាំទ្រដល់សកម្មភាពនានារបស់JICA នាពេលកន្លងមក ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងជប៉ុន និងកម្ពុជា កាន់តែមានភាពរឹងមាំលើគ្រប់វិស័យ។
លោកបានបន្ថែមថា តាមរយៈកិច្ចសហការនេះ បានធ្វើឱ្យរយៈពេល៣ឆ្នាំ និង៦ខែ នៃការបំពេញបេសកកម្មរបស់លោក នៅក្នុងប្រទេសកម្ពុជា ទទួលបានភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់ លោក Sanui Kazumasa ក្នុងអាណត្តិការងារកន្លងមក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញ និងសម្របសម្រួល គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាពិសេសការពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា។
លោកបញ្ជាក់ថា “សមិទ្ធផលទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ ដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែចាក់ឫសយ៉ាងជ្រៅ។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Iwama Nozomi ក្នុងឱកាសទទួលបានការតែងតាំង ជាប្រធានតំណាងថ្មីរបស់JICA ប្រចាំនៅកម្ពុជា ។
លោកបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោកស្រីនឹងបន្តវប្បធម៌សហប្រតិបត្តិការដ៏ល្អនេះ ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហការ និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានបញ្ជាក់ជាថ្មីថា ក.អ.ក. បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីបន្តសម្របសម្រួល ជំរុញ និងគាំទ្រដល់រាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានា របស់ជប៉ុននៅកម្ពុជាឱ្យសម្រេចបានជោគជ័យបន្ថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕







