ដោយៈ ម៉ាណា
ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវដែលបានរៀបចំឡើងដោយ Export–Import Bank of China និងជាព្រឹត្តិការណ៍អមផ្លូវការនៃសន្និសីទ ប្រចាំឆ្នាំស្តីពី Financial Street Forum ឆ្នាំ២០២៦ ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរទស្សនទានពាក់ព័ន្ធ នឹងអនាគតនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
ក្នុងឱកាសនោះ លោកលឹម វិសាល បានជម្រាបជូនអំពីទស្សនវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, និងការបើកចំហកិច្ចសហប្រតិបត្តិការវិនិយោគក្រោមឆ័ត្រ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែង។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះ Export–Import Bank of China ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសហប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត១ប៊ីលានដុល្លារអាម៉េរិក សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុង Xiamen ខេត្ត Fujian។
គម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ នឹងក្លាយជាកម្លាំងចលករក្នុងការផ្លាស់ប្តូរមុខមាត់ប្រព័ន្ធភស្តុភារកម្មជាតិ ដោយរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធធនធានទឹក បង្កើនផលវារីវប្បកម្ម និងបង្កើតទៅជាច្រករបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការឈានឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកបានអញ្ជើញវិនិយោគិនអន្តរជាតិ ដែលមានវត្តមាននាឱកាសនេះធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងចាប់យកកាលានុវត្តភាពវិនិយោគនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមអនុវត្តគម្រោងដូចមានពិពណ៌នា ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងអាទិភាពចំនួន១៧៤គម្រោង ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ៣៦,៦ប៊ីលានដុល្លារអាមេរិក៕







