រដ្ឋាភិបាល​ស្វែង​រក​ដំណោះ​ស្រាយ​លើ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​របស់​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ (MSMEs)​

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងស្ថាប័នពាក់ព័ន្ធបានរៀបចំបើកវេទិកាថ្នាក់ជាតិស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាការសហការរៀបចំ ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ពិធីនេះប្រព្រត្តឹទៅក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានធនាគារ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងវិស័យឯកជនសរុបប្រមាណ ៥០០រូប។

វេទិការថ្នាក់ជាតិនេះ មានគោលបំណងចម្បងៗដូចជា ទី១ ផ្តល់ព័ត៌មាន និងចំណេះដឹង ដល់MSMEs អំពីនីតិវិធីនៃការស្នើសុំឥណទាន ការគ្រប់គ្រងប្រវត្តិ ឥណទាន និងរបៀបក្នុងការទទួលបានហិរញ្ញប្បទាន។ ទី២ ពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈ រួចរាល់របស់ MSMEs ក្នុងការរៀបចំឯកសារស្នើសុំ និងការវាយតម្លៃឥណទាន ឱ្យស្របតាមលក្ខខណ្ឌតម្រូវ របស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា និងទី៣

  • បង្កើតវេទិកាពិភាក្សា និងការតភ្ជាប់បណ្តាញ រវាងធនាគារ

ARDB ធនាគារពាណិជ្ជពាក់ព័ន្ធ និងMSMEs ក្នុងការស្វែងរកដំណោះស្រាយរួម ចំពោះបញ្ហាប្រឈមនៃលទ្ធភាពទទួលបានហិរញ្ញប្បទាន។

ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន បញ្ជាក់ថា វេទិកាជាតិនេះ គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការតភ្ជាប់រវាង “ផ្នែកផ្គត់ផ្គង់ហិរញ្ញប្បទាន” (គ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋ និងឯកជន) និង  “ផ្នែកតម្រូវការ” (MSMEs)។ ការតភ្ជាប់នេះ គឺចាំបាច់ណាស់ដើម្បីលើកកម្ពស់ឱកាសហិរញ្ញប្បទាន ដែលមានបរិយាបន្ន ភាពបត់បែន និងងាយស្រួលទទួលបាន ដែលអាចឱ្យអាជីវកម្មនានាបង្កើនសមត្ថភាពប្រកួតប្រជែង ទ្រទ្រង់ប្រតិបត្តិការ និងពង្រឹងសកម្មភាពសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា វេទិកានេះផ្តល់ឱកាសដ៏មានតម្លៃ ក្នុងការផ្លាស់ប្តូរទស្សនៈចែករំលែកបទពិសោធន៍ និងពង្រឹងការសម្របសម្រួលគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការរបស់ MSMEs បានទាន់ពេលវេលា។ ជាពិសេសជួយឱ្យ MSMEs ត្រៀមខ្លួនបានកាន់តែល្អប្រសើរក្នុងការកៀរគរទុន មិនត្រឹមតែតាមរយៈធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទីផ្សារមូលធនផងដែរ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយបានរួមចំណែកប្រមាណ ៦៣% នៃ GDP និងស្រូបយកកម្លាំងពលកម្មរហូតដល់៧០% នៃមុខរបរការងារសរុប។

សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ ការបង្កើនប្រាក់ចំណូលគ្រួសារ ការផលិតក្នុងស្រុក ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ចជាតិ។

យ៉ាងណាមិញ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ភាគច្រើនតែងតែជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកង្វះខាតលទ្ធភាពទទួលបានហិរញ្ញប្បទាន សមស្រប សម្រាប់ការចាប់ផ្តើមអាជីវកម្ម ការវិនិយោគ និងការពង្រីកអាជីវកម្មរបស់ខ្លួន។ បញ្ហាទាំងនេះភាគច្រើនកើតឡើង ដោយសារតែកង្វះព័ត៌មានជុំវិញលក្ខខណ្ឌតម្រូវ និងការរៀបចំឯកសារអាជីវកម្មឱ្យបានគ្រប់គ្រាន់ និង ត្រឹមត្រូវ។ កត្តាទាំងនេះហើយ ដែលនាំបង្កើតឱ្យមានវេទិកាថ្នាក់ជាតិនេះ ឡើង ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាខាងលើនេះផងដែរ។

វេទិកាថ្នាក់ជាតិស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)” ធ្វើឡើងរយៈពេល ២ថ្ងៃ (ថ្ងៃទី២៧-២៨ តុលា) នឹងជួយឱ្យម្ចាស់សហគ្រាសយល់ច្បាស់ពីនីតិវិធីស្នើសុំកម្ចី និងរបៀប ទទួលបានហិរញ្ញប្បទាន តាមរយៈការជួបពិភាក្សាដេញដោលដោយផ្ទាល់ ជាមួយតំណាងធនាគារ និងជាទីកន្លែងរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែង និងចង់ឃើញMSMEs មានការគ្រប់គ្រងហិរញ្ញវត្ថុល្អ ទទួលបានការជឿ ទុកចិត្តពីអ្នកផ្តល់ឥណទាន និងមានលទ្ធភាពជ្រើសរើស ប្រភពទុនសមស្របតាមដំណាក់កាលអាជីវកម្ម៕


ចែករំលែក