ដោយៈ ម៉ាណា
ប៉ារីសៈ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្មរៀបចំ “ពិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង អាណត្តិទី១ លើកទី១” នៅ Maison du Cambodge ទីក្រុងប៉ារីស ប្រទេសបារាំង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញរួមពី អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាលោក ឡុង កុសល ឯកអគ្គរាជទូតប្រតិភូ អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ (UNESCO)លោកស្រី ឡាំ បញ្ចពរ អគ្គទីប្រឹក្សានៃស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង តំណាងដ៏ខ្ពស់ខ្ពស់ លោកលុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងធុរជនកម្ពុជានៅទីក្រុងប៉ារីស ប្រទេសបារាំងជាច្រើនរូប។
ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព និងសុក្រឹតភាព។ ក្នុងចំណោមអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៤៣នាក់ មានអ្នកចូលរួមបោះឆ្នោតចំនួន៣២នាក់ ស្មើនឹងប្រមាណ៧៤%។ ជាលទ្ធផល លោកស្រី សាន្ត ផាន់ណា ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១។
ការបង្កើតការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស គឺជាជំហានដ៏សំខាន់ ក្នុងការពង្រឹងវត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា បារាំង និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។
ការិយាល័យតំណាងនេះនឹងដើរតួនាទី ជាស្ពានតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការស្វែងរក និងភ្ជាប់ដៃគូពាណិជ្ជកម្ម ការផ្សព្វផ្សាយឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកដល់ការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំ និងដំណើរការការិយាល័យតំណាងនេះ៕







