ដោយ: សហសេវិក
អន្តរជាតិ: ការកើនឡើងនៃថ្លៃដើមនៃការខ្ចីប្រាក់ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើវិស័យអចលនទ្រព្យពាណិជ្ជកម្មនៅអឺរ៉ុប ដែលកំពុងជួបការលំបាក។ ស្ថានភាពនេះធ្វើឱ្យការរៀបចំកម្ចីឡើងវិញ (refinance) កាន់តែមានភាពលំបាក។
អត្រាផលចំណេញនៃមូលបត្របំណុលរដ្ឋបានកើនឡើងយ៉ាងគំហុកដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ នៅទូទាំងទ្វីបអឺរ៉ុប និងជុំវិញពិភពលោក ដែលធ្វើឱ្យការចំណាយលើការខ្ចីប្រាក់កើនឡើង រួមទាំងនៅក្នុងវិស័យអចលនទ្រព្យដែលងាយរងផលប៉ះពាល់ដោយការប្រែប្រួលអត្រាការប្រាក់ផងដែរ។
ទិន្នន័យពីក្រុមហ៊ុន MSCI បានបង្ហាញថា ទំហំនៃការលក់អចលនទ្រព្យពាណិជ្ជកម្មនៅអឺរ៉ុបក្នុងត្រីមាសទី ៣ បានធ្លាក់ចុះមកនៅត្រឹម ៤៣ ពាន់លានអឺរ៉ូ (៤៨ ពាន់លានដុល្លារអាមេរិក) ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ខណៈការលក់ការិយាល័យបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩។
ទីផ្សារអចលនទ្រព្យអឺរ៉ុបបានជួបប្រទះនឹងស្ថានភាពលំបាក បន្ទាប់ពីមានការកើនឡើងយ៉ាងគំហុកនៃអតិផរណា និងអត្រាការប្រាក់ខ្ពស់ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន។ មកដល់ពេលនេះ ភាពវឹកវរនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏កំពុងជះឥទ្ធិពលអវិជ្ជមានបន្ថែមទៀតផងដែរ។
ការកើនឡើងនៃអត្រាការប្រាក់ បណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា និងក្តីបារម្ភអំពីអតិផរណា បានធ្វើឱ្យការរៀបចំហិរញ្ញប្បទានឡើងវិញ (refinancing) កាន់តែពិបាក ហើយជំរុញឱ្យស្ថាប័នផ្តល់កម្ចីមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនចំពោះការផ្តល់កម្ចី។
ក្រុមហ៊ុន Blackstone ដែលជាអ្នកវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោក បានអះអាងថា កំណើនអត្រាការប្រាក់បានធ្វើឱ្យកំណើននៃទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អឺរ៉ុបមានភាពយឺតយ៉ាវ៕







