អគារលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ គ្របបណ្តាអ្នកជំនាញ ក៏ដូចជាបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យនៅក្នុងស្រុកសុទ្ធតែលើកឡើងថា វាជាសញ្ញាវិជ្ជមានដ៏ល្អបំផុត នៅពេលដែលមានក្រុមហ៊ុនលំដាប់ពិភពលោកចូលមកកាន់ទីផ្សារកម្ពុជា។
ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនបានបញ្ចេញទស្សនៈផ្សេងគ្នា នៅក្នុងការកិច្ចសហការ និងវិធីសាស្ត្រនៃការប្រកួតប្រជែងនៅលើទីផ្សារ។
-->
តាមទស្សនៈរបស់នាយិកាក្រុមហ៊ុន AMATAK Property service លោកស្រី តាំង ហួរ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកចូលមកកាន់ទីផ្សារកម្ពុជា វាជាសញ្ញាដ៏ល្អមួយដែលបង្ហាញពីការអភិវឌ្ឍ និងភាពរីកចម្រើនពីវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកស្រីបន្តថា “ ធម្មតាប្រសិនបើប្រទេសយើងមិនមានភាពរីកចម្រើន ឬគ្មានការអភិវឌ្ឍដែលអាចធ្វើឱ្យគេទាញយកផលប្រយោជន៍ត្រឡប់ទៅវិញបាននោះទេ គឺគេនឹងមិនមកនោះឡើយ”។ លោកស្រីបានបន្តទៀត ; “វត្តមានរបស់ពួកគេ ក្រៅពីស្ដែងឱ្យឃើញពីភាពវិជ្ជមាននៃវិស័យអចលនទ្រព្យ វាក៏ជាកក្តាមួយជួយជម្រុញឱ្យបណ្តាក្រុមហ៊ុនក្នុងស្រុកដែលកំពុងប្រឡូក នៅក្នុងវិស័យអចលនទ្រព្យមានភាពរីកចម្រើនផងដែរ តាមរយៈកាតប្រកួតប្រជែងគ្នា”។
;លោកស្រីតាំង ហួរបានបន្តថា “ប៉ុន្តែទោះជាយ៉ាងណា ដើម្បីអាចទទួលបានផលប្រយោជន៍ពីវិស័យនេះទាំងអស់គ្នា ក្រុមហ៊ុនទាំងអស់ត្រូវតែមានកិច្ចសហការជាមួយគ្នាជាចាំបាច់ ដែលវាប្រសើរជាងការប្រកួតប្រជែង ឬលួចវាយប្រហារគ្នាពីក្រោយខ្នង ដើម្បីទទួលបានចំណែកទីផ្សារ ក្នុងរយៈពេលខ្លី ព្រោះការប្រកួតប្រជែងគ្នាដោយគ្មានតម្លាភាព ឬការប្រកួតប្រជែងដោយមិនមានភាពស្មោះត្រង់ វាជាទង្វើមួយដែលមិនត្រូវយកមកអនុវត្តនោះទេ។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា ពេលដែលមានក្រុមហ៊ុនមានកេរ្តិ៍ល្បីលំដាប់ពិភពលោកចាប់អារម្មណ៍មកកាន់ទីផ្សារកម្ពុជា ច្បាស់ណាស់ជាសញ្ញាបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានភាពរីកចម្រើន។ លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា នៅពេលដែលមានក្រុមហ៊ុនធំៗចូលមក គឺវាបានជម្រុញឱ្យវិស័យមួយនេះមានការប្រកួតប្រជែងជាចាំបាច់ ដើម្បីដណ្ដើមយកចំណែកទីផ្សាររៀងៗខ្លួន។
;លោកបន្តទៀតថា “នៅពេលដែលមានក្រុមហ៊ុន ដែលប្រកបអាជីពឬមុខជំនួញរួមវិស័យជាមួយគ្នា គឺបានបង្ហាញច្បាស់ទៅហើយថា គឺជាការប្រកួតប្រជែងរួចជាស្រេច ទាស់ត្រង់ថា ការប្រកួតប្រជែងទាំងនោះត្រូវបានធ្វើឡើង ប្រកបដោយភាពស្មោះត្រង់ និងគោរពទៅតាមក្រមសីលធម៌ វិជ្ជាជីវៈឬអត់តែប៉ុណ្ណោះ”។
យ៉ាងណាក៏ដោយ លោកឧកញ៉ាបានមានប្រសាសន៍ថា ការប្រកួតប្រជែងនៅលើទីផ្សារគឺត្រូវតែមាន កុំឱ្យតែអនុវត្តខុលពីគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ។ នៅពេលមិនមានការប្រកួតប្រជែង យើងនឹងមិនដឹងថាក្រុមហ៊ុនរបស់យើង ដែលកំពុងតែដំណើរការនេះមានសក្តានុពលប៉ុនណា នៅក្នុងវិស័យមួយនេះនោះទេ ហើយក៏មិនបានដឹងពីភាពរីកចម្រើនរបស់ខ្លួនដែរ ដូច្នេះការប្រកួតប្រជែងត្រូវតែមាន។
ជាមួយគ្នានេះ នាយិកាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា ពជឿជាក់គឺជាគ្រឹះ ឬក៏ជំនឿនៅក្នុងការធ្វើអាជីវកម្មរបស់ពួកយើងក្នុងនាមជា Century 21 Cambodia សមាជិកមហាគ្រួសារយើង ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលនេះ យើងមានអនាគត។ យើងអត់ដែលធ្វើការប្រកួតប្រជែងគ្នាទេ។
លោកស្រីបន្តថា “ពាក្យមួយម៉ាត់គត់ គឺយើងចង់សហការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍ទីផ្សារ អត់ចង់យកពេលដែលទៅប្រកួតប្រជែងគ្នា ដើម្បីវ៉ៃយកទីផ្សារតែម្នាក់ឯងទេ ប៉ុន្តែជាទស្សនៈ (Philosophy) របស់យើងគឺសហការគ្នាឈ្នះ ឈ្នះ (win win) ទាំងសងខាង”។ លោកស្រីបន្តថា “ចំណេញទាំងសងខាង អភិវឌ្ឍទីផ្សារជាមួយគ្នា ទោះបីជាក្រុមហ៊ុនគាត់តូចក៏ដោយ ក្រុមហ៊ុនធំប៉ុនមហាយក្សក៏ដោយ ដែលឈានចូលមកកាន់ទីផ្សារនេះ ក៏យើងស្វាគមន៍ដែរ”៕