កម្ពុជា​បង្ហាញ​ពី​ផែន​ការ​ពង្រីក​ការ​នាំ​ចេញ​ផលិត​ផល​អាហារ​កែច្នៃ​ទៅ​កាន់​ប្រទេស​សឹង្ហបុរី​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវឱ្យពង្រឹងសមត្ថភាពកែច្នៃ ធ្វើតេស្ត និងបញ្ជាក់វិញ្ញាបនបត្រ ដើម្បីជួយអាជីវកម្មក្នុងស្រុក បំពេញតាមតម្រូវការទីផ្សារនេះ។

ការលើកឡោះងនេះ ស្របពេលកម្ពុជាកំពុងស្វែងរកឱកាសពង្រីកការនាំចេញផលិតផល អាហារកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីលក្ខខណ្ឌតម្រូវ នៃការនាំចូលអាហារ និងស្តង់ដារសុវត្ថិភាពម្ហូបអាហាររបស់សិង្ហបុរី លោក វណ្ណឌី បានជំរុញឱ្យសហគ្រាសវិនិយោគលើបច្ចេកវិទ្យាកែច្នៃ និងការត្រួតពិនិត្យគុណភាព ដើម្បីបង្កើនតម្លៃផលិតផលកសិកម្មរបស់កម្ពុជា

លោកបានបញ្ជាក់ថា “គោលដៅរបស់យើង មិនគួរត្រឹមតែបង្កើនផលិតកម្មកសិកម្ម ឬនាំចេញកសិផលឆៅឱ្យបានច្រើនជាងមុនប៉ុណ្ណោះទេ”។លោកបន្ថែមថា “ផ្ទុយទៅវិញ កម្ពុជាត្រូវឈានជាបន្តបន្ទាប់ទៅរកការផលិតអាហារ ដែលមានតម្លៃបន្ថែមខ្ពស់ តាមរយៈការកែលម្អបច្ចេកវិទ្យាកែច្នៃ ការអនុវត្តផលិតកម្មទំនើប ការធានាគុណភាព ការវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព ការរក្សាទុកសមស្រប និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ដែលទទួលស្គាល់ជាអន្តរជាតិ” ។

សិក្ខាសាលានេះបានប្រមូលផ្តុំស្ថាប័នរដ្ឋកម្ពុជា ទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី (SFA) និងអាជីវកម្មក្នុងវិស័យកសិ-ម្ហូបអាហារ និងភស្តុភារ ដើម្បីពិភាក្សាអំពីតម្រូវការទីផ្សារ និងបង្កើតទំនាក់ទំនងពាណិជ្ជកម្ម។

លោក ហែម វណ្ណឌី បានបន្តថា “ឧស្សាហកម្មកែច្នៃអាហារដែលមានសមត្ថភាពប្រកួតប្រជែង កាន់តែមានសារៈសំខាន់ ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា”។

លោកបន្ថែមថា សុវត្ថិភាពម្ហូបអាហារ ជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពសាធារណៈ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងការចូលទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋមន្រ្តីបានអំពាវនាវ ឱ្យកែលម្អហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដារ ប្រព័ន្ធមាត្រាសាស្ត្រ មន្ទីរពិសោធន៍ធ្វើតេស្តដែលទទួលបានការទទួលស្គាល់សមត្ថភាព ការត្រួតពិនិត្យ និងការបញ្ជាក់វិញ្ញាបនបត្រ។

លោកបន្តទៀតថា “ផលិតផលកម្ពុជាត្រូវមានសុវត្ថិភាព អាចតាមដានប្រភពដើម និងមានគុណភាពស្របគ្នាជាប្រចាំ ព្រមទាំងអាចប្រកួតប្រជែងទាំងតម្លៃ និងគុណភាព”។

សម្រាប់សហគ្រាសធុនតូច និងមធ្យម ការទទួលបានសេវាធ្វើតេស្ត និងបញ្ជាក់វិញ្ញាបនបត្រក្នុងតម្លៃសមរម្យ ព្រមទាំងជំនួយបច្ចេក​ទេស នឹងមានសារៈសំខាន់ជាពិសេស។

លោក ហែម វណ្ណឌី បានបញ្ជាក់ថា ស្តង់ដារអន្តរជាតិគួរក្លាយជាឧបករណ៍ ជួយឱ្យអាជីវកម្មចូលទៅកាន់ទីផ្សារ ជាជាងក្លាយជារបាំងដែលបង្កផលប៉ះពាល់ មិនសមាមាត្រដល់សហគ្រាសតូចៗ។

ជាមួយគ្នានេះលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាបានថ្លែងថា ការបង្កើនពាណិជ្ជកម្មម្ហូបអាហារនឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរ ដោយពង្រឹងភាពធន់នៃការផ្គត់ផ្គង់អាហាររបស់សិង្ហបុរី និងបើកឱកាសសម្រាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជា។

លោកបានលើកឡើងថា ផ្ទៃដីកសិកម្មមានកម្រិត និងការពឹងផ្អែកលើអាហារនាំចូល ធ្វើឱ្យការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ក្លាយជាកត្តាចាំបាច់សម្រាប់សិង្ហបុរី ចំពេលមានការប្រែប្រួលអាកាសធាតុ ការរំខានខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពមិនប្រាកដប្រជានៃស្ថានភាពពិភពលោក។

លោកបានបន្តថា “ផលិតកម្មកសិកម្មរបស់កម្ពុជា ផ្តល់ឱកាសដែលអាចបំពេញបន្ថែមតម្រូវការនេះ”។លោកបន្ថែមថា “កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ នឹងពង្រឹងភាពធន់នៃការផ្គត់ផ្គង់អាហាររបស់សិង្ហបុរី ទន្ទឹមនឹងការបង្កើតឱកាសថ្មីៗសម្រាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជា និងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកសិ-ម្ហូបអាហាររបស់កម្ពុជា”។

លោកបន្តថា សិង្ហបុរីរក្សាស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដ៏តឹងរ៉ឹង ប៉ុន្តែក៏ទទួលស្គាល់ថា ការស្វែងយល់ និងអនុវត្តតាមបទប្បញ្ញត្តិនៃទីផ្សារថ្មីអាចជាបញ្ហាប្រឈម ជាពិសេសសម្រាប់អ្នកនាំចេញលើកដំបូង។

លោកបន្តទៀតថា នៅទីបំផុត ភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរបស់យើង នឹងអាស្រ័យលើប្រសិទ្ធភាព នៃការប្រែក្លាយការប្តេជ្ញាចិត្តរួម ទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ”៕


ចែករំលែក