ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ ត្រូវបានរៀបចំទ្បើង ។
ភាគីកម្ពុជាដឹកនាំដោយ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីលោកជំទាវ លោកជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង- ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន១៩ ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ភាគីអាល្លឺម៉ង់ដឹកនាំដោយ លោកស្រី Michaela Henning អនុប្រធានទទួលបន្ទុកកិច្ចការតំបន់ចិន អាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជា នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) និងលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងទីភា្នក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រចាំកម្ពុជា (GIZ) តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) និងមន្រ្តីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់។
កិច្ចពិគ្រោះយោបល់នេះ មានគោលបំណងពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងកម្មវិធីដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ និងអាទិភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត ស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាព លើកំណត់ហេតុសង្ខេបនៃកិច្ចពិគ្រោះយោបល់ (Summary Record) សម្រាប់ជាធាតុចូលក្នុងការរៀបចំកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា- អាល្លឺម៉ង់នៅឆ្នាំ២០២៧ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់៕







