ដោយៈ គង់ សូរិយា
អន្តរជាតិៈ នេះគឺជាសំណួរដ៏សំខាន់បំផុតមួយនៅក្នុងវិស័យវិនិយោគ ស្របពេលអ្នកវិភាគនានានៅលើពិភពលោក មិនអាចព្យាករណ៍បានពីស្ថានភាពសេដ្ឋកិច្ច តម្លៃមាស ផ្សារហ៊ុនជាដើម។
ប្រសិនបើអ្នកសេដ្ឋកិច្ចលំដាប់ពិភពលោក ស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិភាគទីផ្សារមាស មិនអាចព្យាករណ៍អនាគតបានត្រឹមត្រូវនោះ តើអ្នកវិនិយោគទូទៅ អាចធ្វើការសម្រេចចិត្តវិនិយោគបានល្អ ដោយរបៀបណា?
អ្នកជំនាញបានលើកឡើងថា “យើងមិនគួរវិនិយោគដោយផ្អែកលើការទស្សន៍ទាយនោះទេ។ យើងគួរតែវិនិយោគដោយផ្អែកលើភស្តុតាង ភាគរយនៃលទ្ធភាពកើតឡើង ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនសម្រាប់សេណារីយ៉ូផ្សេងៗគ្នា។
មានភាពខុសគ្នាដ៏ធំមួយ រវាងការទស្សន៍ទាយអនាគត និងការត្រៀមខ្លួនសម្រាប់អនាគត។

១. ផ្លាស់ប្តូររបៀបគិតអំពីការវិនិយោគ
ឧទាហរណ៍៖ គ្មាននរណាម្នាក់អាចធានាបានទេថា តម្លៃមាសនឹងឡើង ឬចុះនៅខែក្រោយ។ គ្មាននរណាម្នាក់អាចព្យាករណ៍ទីផ្សារអចលនទ្រព្យនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៧ បានយ៉ាងត្រឹមត្រូវនោះទេ ប៉ុន្តែ យើងអាចធ្វើការស្វែងយល់បានថា តើមានអ្វីកំពុងកើតឡើងនៅពេលនេះ?
ពិតប្រាកដណាស់ អ្នកជំនាញបានណែនាំឱ្យអ្នករៀនអំពីវិធីសាស្ត្រនៃការគិតបែបមានរចនាសម្ព័ន្ធ និងការសម្រេចចិត្ត។ វិធីសាស្ត្រទាំងនេះ ត្រូវបានប្រើប្រាស់ដោយអ្នកវិនិយោគ ដែលទទួលបានជោគជ័យ ថ្នាក់ដឹកនាំធុរកិច្ច អ្នកសេដ្ឋកិច្ច និងអ្នករៀបចំផែនការយុទ្ធសាស្ត្រ។
ចំណុចសំខាន់គឺការហ្វឹកហាត់ចិត្ត របស់អ្នកឱ្យគិតបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្ត ជាពិសេសនៅពេលដែលអនាគតមិនអាចកំណត់បានច្បាស់លាស់។
វិធីសាស្ត្រគោលការណ៍មូលដ្ឋាន (The First Principles Method) វិធីសាស្ត្រនេះ មានទំនាក់ទំនងជាមួយទស្សនវិទូ អារីស្តូត (Aristotle) ហើយត្រូវបានធ្វើឱ្យល្បីល្បាញ នៅក្នុងវិស័យធុរកិច្ចសម័យទំនើបដោយលោក អេឡុន ម៉ាស (Elon Musk)។
ជំនួសឱ្យការជឿតាមអ្វីដែលអ្នកដទៃជឿ អ្នកគួរតែបំបែកបញ្ហាមួយទៅជាការពិតមូលដ្ឋាន (ឬធាតុផ្សំដើម) របស់វា៕







