សំណង់អគារនៅម្ដុំបឹងកក់។ រូបថត៖ សហការី
ដោយ Donald Lee
ភ្នំពេញៈ ទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងអចលនទ្រព្យចំនួន ២,៧ ពាន់លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ វាជាសញ្ញាវិជ្ជមានមួយនៅក្នុងវិស័យនេះ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅ ទិព្ធសីហាបានថ្លែងនៅក្នុងវេទិកាអចលនទ្រព្យមួយ កាលពីថ្ងៃសុក្រថា តួលេខត្រីមាសទីមួយបានកើនឡើង ៦៧,៣ភាគរយធៀបនឹងត្រីមាសចុងក្រោយឆ្នាំ២០១៨។ ក្នុងអំឡុងត្រីមាសដំបូងនៃឆ្នាំនេះ មានគម្រោងវិនិយោគចំនួន១,៤២០ត្រូវបានអនុម័ត បើប្រៀបធៀបទៅនឹង១,១៧១ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
-->
លោកបន្តថា: «ស្ថិរភាពសង្គម និងនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំជាច្រើនឆ្នាំមកនេះ បានជួយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យវិស័យសំណង់ និងអចលនទ្រព្យមានភាពទាក់ទាញ”។លោកបន្តថា “បច្ចុប្បន្ននេះវិស័យសំណង់មានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជន និងការបង្កើតការងារ”។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបន្ថយល្បឿនការអនុម័តគម្រោងសាងសង់នៅចុងឆ្នាំមុន។ អ្នកទាក់ទងក្នុងវិស័យនេះបារម្ភថា សញ្ញានេះបង្ហាញពីនិន្នាការធ្លាក់ចុះក្នុងការអនុវត្តការអភិវឌ្ឍ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនៃអគារខុនដូដែលរំពឹងទុកនៅក្នុងរដ្ឋធានី។
លោកចេង ខេង ប្រធានក្រុមហ៊ុនអចលនទ្រព្យ CPL ដែលជាភ្នាក់ងារអចលនទ្រព្យ និងអភិវឌ្ឍន៍ដ៏ធំមួយជាមួយនឹងគម្រោងជាច្រើន នៅកម្ពុជាបានមានប្រសាសន៍ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យនៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស”។
លោកចេង ខេងបានពន្យល់ថា “កាលពីឆ្នាំមុនការអនុម័តគម្រោងបានធ្លាក់ចុះ ដោយសារតែនៅឆ្នាំ ២០១៧គម្រោងធំៗជាច្រើនត្រូវបានចាប់ផ្តើមសាងសង់។ គម្រោងទាំងនោះបានលក់យ៉ាងប្រសើរ ហើយនោះហើយជាមូលហេតុដែលការអនុម័តគម្រោងឆ្នាំនេះបានកើនឡើងដោយសារតែមានតម្រូវការនៅក្នុងទីផ្សារ”។
ក្រុមអ្នកវិភាគមិនគិតថា មានការធ្លាក់ចុះលើតម្លៃអចលនទ្រព្យទេ ហើយថាស្ថានភាពទីផ្សារនៅតែរឹងមាំ។
លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានថ្លែងថា “រហូតមកដល់ពេលនេះ យើងនៅតែបន្តមើលឃើញការលក់មានស្ថានភាពល្អ ក្នុងគម្រោងជាច្រើន និងការលក់គម្រោងថ្មីៗក៏នឹងបន្តមានស្ថានភាពល្អផងដែរ”។
ប៉ុន្តែអ្នកដទៃទៀតនៅក្នុងវិស័យនេះបានព្រមានថា ការវិនិយោគ និងការអនុញ្ញាតសាងសង់តែមួយ មិនមែនជាការចង្អុលបង្ហាញពីស្ថានភាពទូទៅរបស់ទីផ្សារទេ។
លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍ថា “ការអនុម័តពីក្រសួងគឺជាជំហានដំបូង។ គ្រាន់តែសម្លឹងមើលអត្រាអនុម័តមិនគ្រប់គ្រាន់ទេ យើងត្រូវតែពិនិត្យមើលថាតើគម្រោងទាំងនេះ កំពុងត្រូវបានអភិវឌ្ឍយ៉ាងពេញលេញឬយ៉ាងណា”។
កត្តាផ្សេងទៀតអាចមានឥទ្ធិពល លើការអនុម័តរបស់រដ្ឋាភិបាល។ អ្នកចូលថ្មីជាច្រើនដែលព្យាយាមចូលរួមក្នុងវិស័យនេះ ប្រហែលជាមិនមានបទពិសោធន៍ចាំបាច់ ដើម្បីបំពេញតាមតម្រូវការនៃការអនុម័តនោះទេ៕