ដោយៈ ម៉ាណា
ភ្នំពេញៈ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានយ៉ាងតិច២លាននាក់ ត្រឹមឆ្នាំ២០២៨។
លោក ហែម វណ្ណឌី បានគូសបញ្ជាក់បែបនេះ ក្នុងពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស៥០០.០០០នាក់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ហើយលោកថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់តួនាទី និងការរួមចំណែករបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងបើកឱកាសឱ្យពួកគាត់ទទួលបានកិច្ចគាំពារសង្គម ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុផ្លូវការ
លោកបញ្ជាក់ថា “ការសម្រេចបានតួលេខ ៥០ម៉ឺននាក់ មិនមែនត្រឹមតែជាកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបង្ហាញពីការផ្ដល់តម្លៃ និងការទទួលស្គាល់ផ្លូវការ របស់រាជរដ្ឋាភិបាលចំពោះតួនាទី និងការលះបង់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ”។
គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAM-IE) ទទួលបានសំណើចុះឈ្មោះសរុប ៥៦៨.៥៨២សំណើ ក្នុងនោះ៥៣២.២៤៧សំណើ ត្រូវបានអនុម័តរួចរាល់។ ប្រមាណ៩៥% នៃអ្នកស្នើសុំ បានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនតាមរយៈកម្មវិធីទូរសព្ទដៃ ហើយអ្នកចុះឈ្មោះទី៥០ម៉ឺន គឺលោក ឌុន ថន ជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ថ្នាលឌីជីថលCAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២.០០០សំណើក្នុងមួយថ្ងៃ ហើយក្រោមយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានរៀបចំកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ រួមមានការសម្រួលឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាបុគ្គលស្វ័យនិយោជន៍ អាចស្នើសុំចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។។
លោកហែម វណ្ណឌីបានបន្តថា ទោះបីជាយើងសម្រេចបានសមិទ្ធផល នៃការចុះឈ្មោះលើស៥០ម៉ឺននាក់ក៏ដោយ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមនៃដំណាក់កាលដំបូងប៉ុណ្ណោះ”។
លោកបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការ ពង្រីកការផ្សព្វផ្សាយ និងបង្កើតកញ្ចប់ឥណទានពិសេស ព្រមទាំងកម្មវិធីគាំទ្របច្ចេកទេស ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះរួច ឱ្យមានជីវភាពកាន់តែប្រសើរ អាជីវកម្មកាន់តែរឹងមាំ និងឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ៕







