គម្រោងសាងសង់ផ្លូវល្បឿនលឿនឬផ្លូវហាយវ៉េពីប្រទេសចិន មកកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ។ រូបគំរូប
ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនចិន Yunnan Construction and Investment Holding Group (YCIH) និងក្រសួងផែនការ និងវិនិយោគរបស់ប្រទេសឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់សាងសង់ផ្លូវល្បឿនលឿនឬផ្លូវហាយវ៉េពីប្រទេសចិន មកកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ។
យោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីកន្លងទៅថ្មីៗនេះ ភាគីទាំងពីរបានព្រមព្រៀង នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ ឈ្នះ អភិវឌ្ឍន៍រួមគ្នា និងប្រតិបត្តិការពាណិជ្ជកម្ម ជាមួយការគាំទ្ររបស់រដ្ឋាភិបាល ដើម្បីបង្កើតគម្រោងផ្លូវល្បឿនលឿនរវាងប្រទេសចិន និងឡាវ។ ភាគីទាំងសងខាងនឹងវិនិយោគរួមគ្នា ក្នុងការសាងសង់គម្រោងដោយដំណាក់កាល ដោយឈរលើប្រភេទផ្លូវ “BOT” (Build-Operate-Transfer)។
-->
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhuan របស់ចិនបានឲ្យដឹងថា ការសាងសង់ផ្លូវពីទីក្រុងវៀងចន្ទទៅកាន់តែទីក្រុង Vang Vieng ដែលនៅភាគខាងជើងនៃទីក្រុងវៀងចន្ទដែលមានប្រវែង១០៩,១ គីឡូម៉ែត្រនឹងត្រូងសាងសង់ជា៤គន្លង ហើយចំណាយអស់ថវិកាប្រហែល១,៣ ពាន់លានដុល្លារអាមេរិក។
ផ្លូវហាយវ៉េ ដែលមាន៤គន្លងនេះនឹងជួយសន្សំសំចៃ នៃការធ្វើដំណើរ និងដឹកជញ្ញជូនពីទីក្រុងវៀងចន្ទទៅទីក្រុង Vang Vieng ដែលពេលនេះ ប្រើរយៈពេល២.៥ ម៉ោងមកនៅត្រឹមតែ១,៥ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការសាងសាង់រួចរាល់។
តំណាងក្រុមហ៊ុនចិន (YCIH) បានប្រាប់សារព័ត៌មាន Xinhua ថា គម្រោងផ្លូវហាយវ៉េរវាងចិននិងឡាវនេះ នឹងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ និងសុខភាព ជំរុញការអភិវឌ្ឍន៍កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ វិស័យទេសចរណ៍ និងការធ្វើដំណើរ ដើម្បីបង្កើនឱកាសការងារសំរាប់ប្រជាជនឡាវនៅតំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសដែលផ្តល់នូវកម្លាំងជំរុញដល់ការអភិវឌ្ឍន៍បៃតង និងចីរភាព៕