ក្រុមហ៊ុន​សហគ្រាស​បារាំង​ និង​ប្រទេស​ដទៃ​៤០០​នាក់​ចូលរួម​​វេទិកា​ធុរកិច្ច​បារាំង​-កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោកជំទាវ Éléonore CAROIT រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងនៅក្រៅប្រទេស តំណាងលោកEmmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញជាសហធិបតី និងឡើងថ្លែងសុន្ទរកថាបើក វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦។

កម្មវិធីនាព្រឹកនេះ មានវត្តមានចូលរួមពីសំណាក់ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, ថ្នាក់ដឹកនាំ ក.អ.ក., ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតបារាំងនៅកម្ពុជា, តំណាងសភាពាណិជ្ជកម្មកម្ពុជា, តំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា តំណាងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំង, ព្រមទាំងវិនិយោគិន ធុរជន និងវិស័យឯកជនកម្ពុជា/បារាំងជាច្រើនរូប។

វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បានវិលត្រឡប់មកវិញជាលើកទី៣ ក្រោមកិច្ចសហការរៀបចំរវាង ក្រសួងពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា (CCIFC) និងទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេស នៃប្រទេសបារាំង (CCEs)ដោយមានក្រុមហ៊ុនសហគ្រាសចូលរួមប្រមាណ៤០០ស្ថាប័ន។ ក្នុងរយៈពេលពីរថ្ងៃនៃការប្រព្រឹត្តទៅ (១៦-១៧ វិច្ឆិកា ២០២៦) វេទិកានឹងប្រមូលផ្តុំក្រុមហ៊ុនសហគ្រាសបារាំង និងកម្ពុជា តាមរយៈជំនួបពិភាក្សាផ្គូផ្គងធុរកិច្ច(B2B) ជំនួបរវាងវិស័យឯកជន និងរដ្ឋាភិបាល (B2G) សិក្ខាសាលាជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ, កិច្ចពិភាក្សាតុមូលតាមវិស័យ, និងការកសាងបណ្តាញទំនាក់ទំនង ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រុមហ៊ុនដែលបានចូលរួម ក្រោមគោលបំណងតែមួយគឺ សំដៅបង្កើតកាលានុវត្តភាពជាក់ស្តែង និងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។

បន្ទាប់ពីការប្រកាសបើក វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ជាផ្លូវការ លោកឧបនាយករដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបារាំង និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាសក្ខីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នា និងឯកសារគតិយុត្តផ្សេងៗរវាងភាគីពាក់ព័ន្ធ ដែលរួមមានដូចជា ១. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនTotalEnergies លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាម​ពល។

២. សេចក្តីប្រកាសបំណងស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកម្មសិទ្ធិបញ្ញា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានជាតិកម្មសិទ្ធិឧស្សាហកម្មបារាំង។

៣. លិខិតប្រកាសបំណងលើ ការអភិវឌ្ឍភាពជាដៃគូពាក់ព័ន្ធនឹងការអប់រំអំពីអាកាសចរណ៍ និងការអភិវឌ្ឍធនធានប្រកបដោយទេពកោសល្យនៅកម្ពុជា។ ៤. សេចក្តីប្រកាសគោលបំណងស្តីពី កិច្ចសហប្រតិបត្តិការរដ្ឋបាលនិងបច្ចេកទេសក្នុងវិស័យគយ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ជាមួយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងបូរណ​ភាពឧស្សាហកម្ម ថាមពល និងឌីជីថលបារាំង។

៥. កិច្ចសម្របសម្រួលរដ្ឋបាលស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ស៊ីវីល រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវីលកម្ពុជា និងអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវីល នៃក្រសួងដឹកជញ្ជូនបារាំង។

៦. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវីលកម្ពុជា និងក្រុមហ៊ុនThales ពាក់ព័ន្ធនឹងការគ្រប់គ្រងដែនអាកាស។

៧. អនុស្សរណៈនៃការយោគយល់គ្នា រវាងសកលវិទ្យាល័យ CamTech និងក្រុមហ៊ុនThales ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សា ស្រាវជ្រាវ និងនវានុវត្តន៍អាកាសយាន។ ៨. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Airbus Defense & Space ពាក់ព័ន្ធនឹងការសង្កេតផែនដី។

៩. អនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបង្កើតស្ថានីយដឹកជញ្ជូនទំនិញកុងតឺន័រ និងទីលានផ្ទុកកុងតឺន័រ រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនCMA CGM។១០. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Barnes ស្តីពីការបង្កើត និងការអភិវឌ្ឍសកម្មភាពអាជីវកម្មBarnes នៅកម្ពុជា៕


ចែករំលែក