ដោយៈ ម៉ាណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)បានរៀបចំកិច្ចសន្ទនាស្តីពី “កិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ”។
ពិធីនេះបានប្រារពធ្វើនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Keiko Miwa នាយិកាប្រចាំតំបន់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ កិច្ចសន្ទនានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ព្រមទាំងតំណាងសមាគមក្នុងវិស័យហិរញ្ញវត្ថុ ស្ថានទូតនានាប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៦៩រូប។
កិច្ចសន្ទនានេះ មានគោលបំណងចែករំលែកសមិទ្ធផល និងវឌ្ឍនភាព លើកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការសម្របសម្រួលដោះស្រាយបណ្តឹង ព្រមទាំងផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល ក្នុងការចែករំលែកបទពិសោធ មតិយោបល់ និងកង្វល់ពីសហគមន៍ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ជាមួយគ្នានេះ កិច្ចពិភាក្សា បានផ្តោតលើការបញ្ជាក់តួនាទី និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ននីមួយៗ ព្រមទាំងកំណត់សកម្មភាពអាទិភាព និងកិច្ចសហការបន្ត ដើម្បីពង្រឹងកិច្ចការពារអតិថិជន និងលើកកម្ពស់ទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា៕







