ដោយៈ និស្ស័យ
ភ្នំពេញៈ លោកមាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចកាណាដា ដឹកនាំដោយ លោក François DUPUIS លេខាធិការទី១ (ផ្នែកពាណិជ្ជកម្ម) និងជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិ នៃក្រសួងកិច្ចការបរទេសកាណាដា (Global Affairs Canada) ។
ជំនួបនេះបានធ្វើឡើង ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសចូលរួមពិព័រណ៍បច្ចេកវិទ្យាហ្វ្រង់កូហ្វូនី (FrancoTech)។
Franco Tech ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីពិភាក្សាអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញការតភ្ជាប់ធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគលើវិស័យ និងផលិតផលសក្តានុពលមួយចំនួន រួមមាន៖ ជីកសិកម្ម ផលិតផលសរីរាង្គ បច្ចេកវិទ្យាកាត់បន្ថយកាកសំណល់អាហារ សម្ភារឧស្សាហកម្មដូចជា អាលុយមីញ៉ូម និងដែកថែប បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាបង្កក ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីនីតិវិធីគយ កិច្ចសម្រួលពាណិជ្ជកម្ម គោលនយោបាយលើកទឹកចិត្តវិនិយោគ និងការទាញយកអត្ថប្រយោ ជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានារបស់កម្ពុជា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕






