ក្រសួងពាណិជ្ជកម្ម​កំពុង​បង្ហាញ​ពីផែនការ​ពង្រីក​ការ​នាំ​ចេញ​ម្ហូប​អាហារ​ពី​កម្ពុជា​ទៅ​អាមេរិក​

ចែករំលែក

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្តីពី “ការជំរុញការនាំចេញផលិតផលម្ហូបអាហារកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក” ដើម្បីលើកកម្ពស់អនុលោមភាពស្តង់ដាFDA និងពង្រីកសក្តានុពលពាណិជ្ជកម្មទ្វេរភាគី។

សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាព លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីលោក Dan SOLIS អតីតជំនួយការស្នងការទទួលបន្ទុកប្រតិបត្តិការនាំចូលនៃរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក (FDA) តំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន រួមមាន៖ អ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញម្ហូបអាហារជាច្រើនរូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ដល់វិស័យឯកជន អំពីលក្ខ​ខណ្ឌ​តម្រូវ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីនាំចូលផលិតផលម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ព្រមទាំងពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈសម្បត្តិរបស់ធុរកិច្ចកម្ពុជា ក្នុងការជំរុញការនាំចេញផលិត​ផលម្ហូបអាហារ ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីវឌ្ឍនភាព គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលបន្តរីកចម្រើនជាលំដាប់ ដោយក្នុងនោះ ផលិតផលកសិកម្ម និងអាហារកែច្នៃ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ដែលមានសក្តានុពលខ្ពស់សម្រាប់ការពង្រីក និងធ្វើពិពិធកម្មការនាំចេញបន្ថែមទៀត ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ក្នុងន័យនេះ លោកសំហេង បូរ៉ា បានលើកទឹកចិត្តដល់ធុរជន អ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញម្ហូបអាហារកម្ពុជា បន្តបង្កើនការវិនិយោគលើការលើកកម្ពស់គុណភាព សុវត្ថិភាពម្ហូបអាហារ ការរចនា និងការវេចខ្ចប់ប្រកបដោយស្តង់ដា ព្រមទាំងការអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ សំដៅបង្កើនតម្លៃបន្ថែម ភាពប្រកួតប្រជែង និងពង្រី​ក​ចំណែកទីផ្សារ សម្រាប់ផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែឈើស្រស់-កែច្នៃ ជាដើម។

ជាមួយគ្នានេះ លោកDan SOLIS បានធ្វើបទបង្ហាញចែករំលែ​ក​នូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ពាក់ព័ន្ធនឹងប្រព័ន្ធបទប្បញ្ញត្តិរបស់FDA និងនីតិវិធីនាំចូលម្ហូបអាហារទៅកាន់សហរដ្ឋអាម៉េរិក ដោយផ្តោតសំខាន់លើ៖ កម្មវិធីផ្ទៀងផ្ទាត់អ្នកផ្គត់ផ្គង់បរទេស (Foreign Supplier Verification Program – FSVP) ប្រព័ន្ធតាមដានប្រភព និងខ្សែច្រវាក់ផ្គត់ផ្គង់ម្ហូបអាហារ (Food Traceability Requirements) នីតិវិធីត្រួតពិនិត្យទំនិញនាំចូល និងប្រព័ន្ធប្រកាសអាសន្នការនាំចូល (Import Alerts) និងវិធានការកែតម្រូវភាពមិនអនុលោម (Corrective Actions) ដើម្បីកាត់បន្ថយហានិភ័យនៃការឃាត់ទុក ឬការបដិសេធទំនិញ នៅតាមច្រកនាំចូលសហរដ្ឋអាម៉េរិក៕


ចែករំលែក