ថ្នាក់​ដឹក​នាំ​សភាពាណិជ្ជកម្ម​ពិនិត្យ​ស្វែងយល់​ពី​សក្តានុពល​ផលិត​គ្រឿង​ទេស​ខ្មែរ ​និង​ការ​កែច្នៃ​កសិផល​ក្នុង​ស្រុក

ចែករំលែក

ដោយៈ ចំណាន

    សៀមរាបៈ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះទស្សនកិច្ចទីតាំងផលិតរបស់ ក្រុមហ៊ុន សាបារា បេសហ្វូត (គ្រឿងហ្លួង សាបារា) ដើម្បីស្វែងយល់ពីសក្តានុពលផលិតគ្រឿងទេសខ្មែរ និងការកែច្នៃកសិផលក្នុងស្រុក។

គ្រឿងហ្លួង សាបារា គឺជាផលិតផលគ្រឿងទេសខ្មែរក្រោមការផលិតរបស់ក្រុមហ៊ុន សាបារា បេសហ្វូត (Sabara Best Food) ដែលមានគោលបំណងរក្សា និងផ្សព្វផ្សាយរសជាតិម្ហូបអាហារបែបប្រពៃណីខ្មែរ តាមរយៈការកែច្នៃគ្រឿងផ្សំស្រស់ៗ ទៅជាផលិតផលវេចខ្ចប់រួចរាល់ សម្រាប់ជួយសម្រួលដល់ការចម្អិនម្ហូបអាហារប្រចាំថ្ងៃ។

ផលិតផលរបស់សិប្បកម្មនេះមានច្រើនប្រភេទ ដូចជា គ្រឿងអាម៉ុក គ្រឿងការី គ្រឿងសម្លម្ជូរគ្រឿង គ្រឿងសម្លកកូរ គ្រឿងសម្លប្រហើរ គ្រឿងសម្លណាំយ៉ា គ្រឿងសម្រាប់ឆាបាយ និងគ្រឿងប្រឡាក់សាច់ជាដើម។

ចំណុចដែលគួរឱ្យកត់សម្គាល់ គឺការយកចិត្តទុកដាក់លើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដោយមានការសហការជាមួយកសិករនៅតាមសហគមន៍ក្នុងខេត្តសៀមរាប ជាពិសេសនៅស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ដើម្បីផ្គត់ផ្គង់កសិផលស្រស់ៗយកមកធ្វើជាគ្រឿងផ្សំ។ ការតភ្ជាប់រវាងសិប្បកម្ម និងកសិករក្នុងមូលដ្ឋាននេះ មិនត្រឹមតែជួយបង្កើនតម្លៃបន្ថែមលើកសិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រភពចំណូល និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករផងដែរ។

ជាមួយគ្នានេះ ការផលិតគ្រឿងទេស ក៏ផ្តោតសំខាន់លើគុណភាព សុវត្ថិភាពចំណីអាហារ និងអនាម័យ ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់តាមស្តង់ដារពាក់ព័ន្ធ។ ការអភិវឌ្ឍផលិតផលឱ្យមានគុណភាព និងការវេចខ្ចប់សមស្រប គឺជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់ និងជំរុញសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។

តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានមានឱកាសស្វែងយល់ពីគំរូអាជីវកម្ម ដែលភ្ជាប់រវាងផលិតកម្ម កសិកម្ម និងទីផ្សារ ព្រមទាំងស្វែងយល់ពីបទពិសោធន៍ ក្នុងការអភិវឌ្ឍផលិតផលម្ហូបអាហារខ្មែរឱ្យមានលក្ខណៈស្តង់ដារ និងអាចឆ្លើយតបតាមតម្រូវការអ្នកប្រើប្រាស់។ ការចុះទស្សនកិច្ចនេះ ក៏ជាឱកាសមួយសម្រាប់ពាណិជ្ជករក្នុងការផ្លាស់ប្តូរចំណេះដឹង ស្វែងរកកិច្ចសហការ និងពិនិត្យលទ្ធភាពបង្កើតទំនាក់ទំនងធុរកិច្ចនាពេលអនាគត។

កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប -ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕


ចែករំលែក