ដោយ Donald Lee
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចបង្កើតឱកាសដល់កម្ពុជាក្នុងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងវេទិការប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ានកាលពីថ្ងៃសុក្រថា “ភាពតានតឹងផ្នែកពាណិជ្ជកម្មអាចបង្កើតឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាក្នុងការពង្រីកទីផ្សារនាំចេញរបស់យើង និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត”។
-->
កាលពីឆ្នាំមុនខណៈភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានកើតឡើង កម្ពុជាទទួលបានវិនិយោគផ្ទាល់ពីបរទេសចំនួន ៣ ពាន់លានដុល្លារពោលគឺកើនឡើង ១០ ភាគរយធៀបនឹងឆ្នាំមុន។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងវេទិកាមួយនៅទីក្រុងតូក្យូកាលពីសប្តាហ៍មុនថា ការវិនិយោគផ្ទាល់ពីបរទេសគឺជាកត្តាជំរុញសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការសំរេចគោលដៅអភិវឌ្ឍន៍។
រដ្ឋាភិបាលចិនបានចេញ “របាយការណ៍មួយដែលហៅក្រដាសស ឬ White Paper” កាលពីម្សិលមិញស្តីពីការសម្រេចគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន និងស្ថានភាពទំនាក់ទំនងពាណិជ្ជកម្មបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក។ របាយការណ៍នេះបានប្រមានថា សហរដ្ឋអាមេរិកមិនគួរឆ្លងកាត់ខ្សែ ឬដើររំលងបន្ទាត់ក្រហមនោះទេ។
រដ្ឋាភិបាលចិនបានថ្លែងក្នុងរបាការណ៍ដដែលថា “ភាគីទាំងពីរមិនគួរគួរឆ្លងកាត់ខ្សែបន្ទាត់ក្រហមនោះទេ។ ចិន និងអាម៉េរិកគួរតែមើលឃើញនិងទទួលស្គាល់ភាពខុសគ្នានៃប្រទេសរបស់ពួកខ្លួននៅក្នុងការអភិវឌ្ឍជាតិ និងនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ និងគោរពដល់ការអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក និងស្ថាប័នមូលដ្ឋាននានា”។
រដ្ឋាភិបាលចិនបានបន្ថែមថា “សិទ្ធិក្នុងការអភិវឌ្ឍន៍មិនអាចត្រូវបានលះបង់ទេ ហើយអធិបតេយ្យភាពរបស់ជាតិក៏មិនអាចត្រូវបានបំផ្លាញដែរ”។ របាយការណ៍របស់ចិនត្រូវបានចេញផ្សាយ បន្ទាប់ពីមានការរិះគន់ជាសាធារណៈពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ។
មេដឹកនាំអាមេរិកនេះបានចំណាយពេលចុងសប្តាហ៍កន្លងមកនេះរិះគន់ចិន និងការពារការសម្រេចចិត្តរបស់លោកក្នុងការដំឡើងពន្ធលើទំនិញនាំចូលពីចិន។លោក ត្រាំ បានសរសេរលើបណ្តាញសង្គមធ្វីតធ័រ (tweeter) ថា “ប្រទេសចិនកំពុងចំណាយប្រាក់យ៉ាងច្រើនក្នុងការផ្តល់កញ្ចប់ជំនួយដល់ទំនិញរបស់ពួកគេ និងធ្វើរូបិយវត្ថុចិនធ្លាក់ថ្លៃ ប៉ុន្តែក្រុមហ៊ុនកំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចៀសវាងការបង់ពន្ធ ២៥ ភាគរយ”។
បញ្ជីតំលៃពន្ធថ្មីអាមេរិករួមបញ្ចូលទាំងវិស័យផលិតកម្មរបស់ចិនជាធ្វើឲ្យមានផ្លាស់ប្តូរទីតាំងវិនិយោគទៅក្នុងតំបន់អាស៊ាន ដោយសារតែការកើនឡើងថ្លៃដើមនៃការផ្គត់ផ្គង់។ ទិន្នន័យផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មបានបញ្ជាក់ថា ប្រសិនបើពន្ធគយរបស់អាមេរិកចូលជាធរមាននោះ វិស័យកាត់ដេរនៅចិននឹងមិនមានជម្រើសទេក្រៅតែពីស្វែងរកទីតាំងផលិតកម្មជំនួសនៅក្នុងប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា។
លោក Wee Ee Cheong អគ្គនាយកក្រុមហ៊ុន United Overseas Bank Ltd (UOB) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយភ្នាក់ងារ Bloomberg ថា “អាស៊ាននឹងក្លាយជាតំបន់សុវត្ថិភាពបំផុតសម្រាប់ការវិនិយោគ” ។
ដោយបង្កើតឡើងនៅឆ្នាំ ១៩៣៥ UOB គឺជាធនាគារធំជាងគេលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍។លោក Wee បានបន្ថែមទៀតថា UOB មានផែនការពង្រីកទៅតំបន់អាស៊ីអាគ្នេយ៍ដោយមានបច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិតបច្ចេកវិទ្យាដើម្បីទាញយកប្រយោជន៍ពីទីផ្សារដែលមានសក្តានុពលខ្ពស់ និងរីកចម្រើន។
ប្រទេសអាស៊ានមានប្រជាជនសរុបជាង ៦០០ លាននាក់ និងផលិតផលសរុបក្នុងស្រុក (GDP) សរុបចំនួន ២,៤ ពាន់ពាន់ដុល្លារធ្វើឱ្យក្រុមអ្នកវិភាគមួយចំនួនហៅតំបន់នេះថាជា “ប្រទេសចិនថ្មី” ។ អង្គការរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា អាស៊ាននឹងមានសេដ្ឋកិច្ចធំបំផុតទីបួននៅឆ្នាំ ២០៥០៕