សម្តេច​តេជោ​ជំរុញ​ការ​វិនិយោគ​រវាង​កម្ពុជា​-ឡាវ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​

0
លោក សន សៃស៊ីផាន់ដន និងសម្តេចតេជោ ហ៊ុន សែន

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ជំរុញ​កម្ពុជា​-ឡាវ​បង្កើន​ការ​វិនិយោគ​ឱ្យ​មានការ​រីកចម្រើន​កាន់តែ​ធំ​ ជាពិសេស​វិស័យ​ទេសចរណ៍​ វិស័យ​វប្បធម៌​ និង​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។

សម្តេច​តេជោ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ សន​ សៃ​ស៊ី​ផាន់ដន​ ឧបនាយក​រដ្ឋមន្ត្រី​ឡាវ​ នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ២០១៩បាន​ថ្លែង​ថា​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ និង​ឡាវ​គប្បី​ណា​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​កាន់តែ​ធំ​ថែមទៀត​ ជាពិសេស​វិស័យ​ទេសចរណ៍​ វិស័យ​វប្បធម៌​ និង​វិស័យ​វិនិយោគ​ ក៏ដូចជា​វិស័យ​សេដ្ឋកិច្ច​ផង​។

សម្ដេច​តេជោ​បន្ត​ថា​ លើស​ពីនោះ​ទៀត​ ក៏​មិន​ត្រូវ​កាត់ផ្ដាច់​ពី​វិស័យ​ថាមពល​ផង​ដែរ​ យើង​គប្បី​ណា​លើកយក​វិស័យ​ថាមពល​ជា​វិស័យ​អាទិភាព​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​ ជាមួយគ្នា​នេះ​ផង​ដែរ​ទាក់ទង​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​ គប្បី​ណា​ដា​ក់បញ្ជូល​ទៅលើ​ផ្នែក​ ការទិញ​-លក់​ នៃ​វិស័យ​ថាម​អគ្គិសនី​នេះ​ផង​ដែរ​។

លោក​ សន​ សៃ​ស៊ី​ផាន់ដន​ ឧបនាយក​រដ្ឋមន្ត្រី​ឡាវ​ បាន​ឲ្យដឹង​ថា​ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​នេះ​ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ និង​ដកស្រង់​បទពិសោធន៍​អំពី​ការ​អភិវឌ្ឍ​កម្ពុជា​ ដើម្បី​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ឡាវ​។

ទន្ទឹម​នឹង​នេះ​ លោក​បន្ត​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​បច្ចុប្បន្ន​នេះ​ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ជាពិសេស​អគារ​ខ្ពស់​ៗបាន​រីក​ស្គុះស្គាយ​ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ក៏​មាន​ភាពល្អ​ប្រសើរ​ឡើង​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏ដូចជា​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​វិ​និ​យោ​គគិន​ឡាវ​នៅ​កម្ពុជា​ ជាពិសេស​ ធនាគារ​ឡាវ​ BIC​ ក៏ដូចជា​អ្នក​វិ​និ​យោ​គផ្សេង​ៗ និង​ការ​គាំទ្រ​ដល់​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ផង​ដែរ​។

ជាមួយគ្នា​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ធ្វើការ​ណែនាំ​លើ​ករណី​វិស័យ​ ធនាគារ​ ដើម្បីអោយ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នោះ​ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្ត​ទុកដាក់​ដល់​ការ​ផ្ដល់​កម្ចី​ដល់​វិស័យ​ឧស្សាហកម្ម​ និង​សិប្បកម្ម​។ ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​វិញ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ឡាវ​ផង​ដែរ​ ដែល​ឆ្នាំនេះ​បាន​លក់​ថាមពល​អគ្គិសនី​ឲ្យ​ប្រទេស​កម្ពុជា​យើង​បាន​ចំនួន​ ១៨​ មេ​ហ្គា​វ៉ាត់​ ដែល​ថាមពល​អគ្គិសនី​នេះ​កំពុងតែ​ប្រើប្រាស់​នៅ​ខេត្តកំពង់ធំ​ និង​ខេត្តព្រះវិហារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here