អគារទីស្នាក់ការកណ្ដាលរបស់ធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន។
ប្រែសម្រួលដោយ យុទ្ធ
វ៉ាស៊ីនតោន៖ កំណើនសេដ្ឋកិច្ចនៅលើពិភពលោកត្រូវបានព្យាករណ៍ថានឹងថយចុះមកនៅត្រឹម ២,៦ភាគរយ ទាបជាងការរំពឹងទុកនៅឆ្នាំ ២០១៩ បើធៀបនឹងកំណើនសេដ្ឋកិច្ចនៅលើពិភពលោកកាលពីឆ្នាំមាន ៣,១ភាគរយ ខណៈនៅឆ្នាំ ២០២០ នឹងកើនឡើងវិញត្រឹម ២,៧ ភាគរយ។
នេះបើយោងតាមធនាគារពិភពលោកចុះផ្សាយកាលពីថ្មីៗនេះ។ការរីកចម្រើននៅទីផ្សារកំពុងអភិវឌ្ឍន៍ និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រូវបានគេរំពឹងថានឹងមានស្ថេរភាពនៅឆ្នាំក្រោយ ខណៈប្រទេសមួយចំនួនមិនមានសំពាធហិរញ្ញវត្ថុ ប៉ុន្តែសន្ទុះសេដ្ឋកិច្ចនៅតែទន់ខ្សោយ។
-->
ការរីកចម្រើនរបស់ប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍត្រូវបានរារាំងដោយការវិនិយោគយឺតយ៉ាវ ហើយហានិភ័យត្រូវបានស្របពេលការធ្លាក់ចុះសេដ្ឋកិច្ច។ ធនាគារពិភពលោកឲ្យដឹងនៅក្នុងខែ មិថុនា ឆ្នាំ ២០១៩ នេះថា ហានិភ័យទាំងនេះរួមមានការកើនឡើង ដោយសារឧបសគ្គពាណិជ្ជកម្ម ការបន្តភាពតានតឹងហិរញ្ញវត្ថុ និងការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកក្នុងប្រទេសសេដ្ឋកិច្ចធំៗ។
បញ្ហារចនាសម្ព័ន្ធដែលមិនសមស្រប ឬបង្អាក់ការវិនិយោគក៏បានធ្វើឱ្យមានតុល្យភាពចំពោះទស្សនវិស័យផងដែរ។លោក David Malpass ប្រធានក្រុមធនាគារពិភពលោកបានថ្លែងថា “កំណើនសេដ្ឋកិច្ចកាន់តែខ្លាំងគឺមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ។
សន្ទុះសេដ្ឋកិច្ចបច្ចុប្បន្ននៅតែមានភាពទន់ខ្សោយ ខណៈពេលដែលកម្រិតបំណុលកើនឡើង និងការធ្លាក់ចុះនៃការវិនិយោគនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍កំពុងរារាំងប្រទេសទាំងឡាយពីការសម្រេចបាននូវសក្តានុពលរបស់ពួកគេ”។
លោក បន្តថា “បណ្តាប្រទេសនានាធ្វើកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗដែលធ្វើឱ្យបរិយាកាសពាណិជ្ជកម្មកាន់តែប្រសើរឡើង និងទាក់ទាញការវិនិយោគ។ ពួកគេក៏ត្រូវការការគ្រប់គ្រងបំណុល និងតម្លាភាពជាអាទិភាពខ្ពស់ ដូច្នេះបំណុលថ្មីបន្ថែមដល់កំណើននិងការវិនិយោគ”។
កំណើនក្នុងចំណោមសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើនត្រូវបានរំពឹងថានឹងមានការធ្លាក់ចុះក្នុងឆាំ ២០១៩ ជាពិសសក្នុងតំបន់អឺរ៉ុប ដោយសារការធ្លាក់ចុះនៃការនាំចញ និងការវិនិយោគ។ កំណើនសេដ្ឋកិច្ចអាមេរិកត្រូវបានព្យាករណ៍ថានឹងថយចុះមកត្រឹម ២,៥ ភាគរយនៅឆ្នាំនេះ និងថយចុះមកនៅត្រឹម ១,៧ ភាគរយ ក្នុងឆ្នាំ ២០២០។
កំណើនតំបន់អឺរ៉ូត្រូវបានគេព្យាករណ៍ទុកថានឹងមានប្រហែល ១,៤ ភាគរយ ក្នុងឆ្នាំ ២០២០ ដល់ ២០២១ ដោយភាពទន់ភ្លន់ក្នុងការធ្វើពាណិជ្ជកម្ម និងតម្រូវការក្នុងស្រុកមាន ទោះបីជាមានការគាំទ្រពីគោលនយោបាយរូបិយវត្ថុក៏ដោយ។ ការរីកចម្រើនក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍត្រូវបានគេព្យាករថានឹងធ្លាក់ ៤ ភាគរយ នៅឆ្នាំ ២០១៩ មុនពេលស្ទុះងើបឡើងវិញដល់ ៤,៦ ភាគរយ នៅឆ្នាំ ២០២០។
សេដ្ឋកិច្ចមួយចំនួនកំពុងប្រឈមនឹងផលប៉ះពាល់នៃភាពតានតឹងហិរញ្ញវត្ថុ និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ។ ការព្យាករណ៍ទាំងនេះត្រូវបានគេរំពឹងទុកថានឹងថយចុះហើយកំណើនពាណិជ្ជកម្មពិភពលោកដែលត្រូវបានព្យាករណ៍ថាជាកម្រិតទាបបំផុតក្នុងឆ្នាំ ២០១៩ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពីទសវត្សរ៍មុនត្រូវបានគេរំពឹងថានឹងស្ទុះងើបឡើងវិញ។
លោកស្រី Ceyla Pazarbasioglu អនុប្រធាននាយកដ្ឋានសម្រាប់ការលូតលាស់ផ្នែកហិរញ្ញវត្ថុ និងសាជីវកម្មរបស់ធនាគារពិភពលោកបាន មានប្រសាសន៍ថា “ខណៈដែលស្ទើរតែគ្រប់សេដ្ឋកិច្ចទាំងអស់ប្រឈមនឹងការថយក្រោយ ប្រទេសក្រីក្របំផុតប្រឈមនឹងបញ្ហាប្រឈមដ៏គួរឱ្យខ្លាចបំផុត ដោយសារតែភាពផុយស្រួយ ភូមិសាស្ត្រ និងភាពក្រីក្រ។
ប្រសិនបើពួកគេមិនអាចទទួលបាននូវកំណើនសេដ្ឋកិច្ចលឿន គោលដៅនៃការកាត់បន្ថយភាពក្រីក្រខ្លាំងក្រោម ៣ ភាគរយនៅឆ្នាំ ២០៣០ នឹងនៅតែមិនអាចទៅដល់បាន”៕